ផ្សេងៗ

Update៖ អ៊ីរ៉ង់ និងរុស្ស៊ី ពិភាក្សាគ្នាអំពីវិបត្តិអ៊ុយក្រែន និងពង្រឹងទំនាក់ទំនងទ្វេភាគី

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ កំពូលរបស់អ៊ីរ៉ង់ លោក Ali Shamkhani បានជួបប្រជុំគ្នា ជាមួយលោក Nikolai Patrushev លេខាក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី ក្នុងអំឡុងពេលដែលភាគីទាំង២ បានពិភាក្សាអំពីវិបត្តិអ៊ុយក្រែន ដែលកំពុងបន្ត កើតមាន និងមធ្យោបាយពង្រឹងទំនាក់ទំនងទ្វេភាគី ។

លោក Shamkhani បានធ្វើការកត់សម្គាល់ថា អ៊ីរ៉ង់ ស្វាគមន៍ និងគាំទ្រគំនិតផ្តួចផ្តើមណាមួយ ដែលនាំទៅរកបទឈប់បាញ់ និងកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយត្រៀមខ្លួនជាស្រេច ដើម្បីដើរតួនាទីក្នុងការបញ្ចប់ជម្លោះ នេះបើយោងតាមគេហទំព័រព័ត៌មាន Nour របស់អ៊ីរ៉ង់បានផ្សាយដូច្នេះ ។

លោកក៏បានអំពាវនាវឱ្យពង្រឹង កិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងរុស្ស៊ី លើវិស័យថាមពល ការដឹកជញ្ជូន កសិកម្ម ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងបរិស្ថាន ។

មន្ត្រីអ៊ីរ៉ង់ ក៏បានសង្កត់ធ្ងន់លើ ភាពចាំបាច់ក្នុងការបន្ត និងបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីលុបបំបាត់អំពើភេរវកម្ម ដោយបានបញ្ជាក់ទៀតថា អំពើភេរវកម្ម និងភាពជ្រុលនិយមនៅតែបន្ត គំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងពិភពលោក ។

រីឯលោក Patrushev បានកោតសរសើរចំពោះល្បឿន នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ លើវិស័យផ្សេងៗ ដោយបានបញ្ជាក់ថា ប្រធានាធិបតីនៃប្រទេសទាំង២ បានសង្កត់ធ្ងន់លើឆន្ទៈរបស់ភាគីទាំង២ ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងនៅក្នុងកិច្ចចរចាទ្វេភាគី របស់ពួកគេនៅក្នុងឆ្នាំនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top