ផ្សេងៗ

ចក្រភពអង់គ្លេសអំពាវនាវឲ្យ FIFA ស៊ើបអង្កេតអាហ្សង់ ទីនលើបដា Falklands នៅ World Cup

ឡុងដ៍៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឲ្យ FIFA ស៊ើបអង្កេត ក្រុមអាហ្សង់ទីន បន្ទាប់ពីកីឡាករបានថតរូបជា មួយបដាដោយអះអាងពីអធិបតេយ្យភាពលើកោះហ្វកឡែន “Falklands” ដែលមានជម្លោះ។

អាហ្សង់ទីនបានយកឈ្នះអង់គ្លេស ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” កាលពីថ្ងៃពុធនៅទីក្រុងអាត្លង់តា។ ក្នុងអំឡុងពេលអបអរសាទរក្រោយការប្រកួត កីឡាករអាហ្សង់ទីនបានកាន់បដាដែលអ្នកគាំទ្របានប្រគល់ឲ្យនៅលើកៅអី ដោយសរសេរថា “Las Malvinas son Argentinas” – “Malvinas គឺជាអាហ្សង់ទីន”។

អាហ្សង់ទីនសំដៅទៅលើកោះហ្វកឡែនថា ជា Islas Malvinas។ ពួកគេត្រូវបានឈ្លានពាននៅឆ្នាំ ១៩៨២ ក្រោមបញ្ជាពីរបបផ្តាច់ការយោធារបស់អាហ្សង់ទីននៅពេលនោះ បង្កឲ្យមានសង្គ្រាមរយៈពេល ១០ សប្តាហ៍ដែលឈ្នះដោយចក្រភពអង់គ្លេស។

លោក Peter Kyle រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចក្រភពអង់គ្លេសបាននិយាយថា អាកប្បកិរិយារបស់កីឡាករគឺ មិនសមរម្យទាំងស្រុង។ ខ្ញុំរំពឹងថា FIFA នឹងធ្វើការស៊ើបអង្កេតរបស់ខ្លួនយ៉ាងហ្មត់ចត់។

FIFA អាចចោទប្រកាន់កីឡាករ និងសហព័ន្ធបាល់ទាត់អាហ្សង់ទីន ពីព្រោះក្រមវិន័យរបស់ខ្លួនហាមឃាត់នៅតាមពហុកីឡដ្ឋាននូវសារណាមួយដែលមិនសមស្របសម្រាប់ព្រឹត្តិការណ៍កីឡា រួមទាំងសារនយោបាយ មនោគមវិជ្ជា សាសនា ឬលក្ខណៈប្រមាថ។

ការពិន័យរបស់ FIFA សម្រាប់សារនយោបាយគឺចាប់ពី ៥០០០ ដុល្លារ ដល់ ២០០០០ ដុល្លារ។ ខណៈ FIFA ត្រូវបានទាក់ទងសុំការអត្ថាធិប្បាយកាលពីថ្ងៃព្រហស្បតិ៍។

កាលពីថ្ងៃពុធ កីឡាករអាហ្សង់ទីន Lisandro Martínez បាននិយាយថា ការបង្ហាញបដានេះពិតជាបាន បង្កឲ្យមានអារម្មណ៍ជ្រាលជ្រៅ។ កីឡាករ Martínez បានលេងនៅប្រទេសអង់គ្លេសអស់រយៈពេល ៤ ឆ្នាំកន្លងមកជាមួយ Manchester United បាននិយាយថា ខ្ញុំអាចស្រមៃមើលកីឡាករចាស់វស្សា Malvinas ឃើញរឿងនោះ ហើយយំ។ ខ្ញុំមិនដឹងថាតើអាចមានទណ្ឌកម្មឬអត់នោះទេ ប៉ុន្តែអ្វីដែលពួកគេបានធ្វើគឺបង្ហាញបដានោះ ហើយអះអាងថាកោះទាំងនោះជារបស់យើង៕

Most Popular

To Top