បរទេស៖ ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានកោតសរសើរចំពោះការផ្ទេរទៅកាន់ក្លិប Barcelona របស់ Anthony Gordon ថាជាកត្តាសំខាន់ ដែលបានផ្លាស់ប្តូរខ្សែប្រយុទ្ធស្លាបរូបនេះឱ្យក្លាយជា «កីឡាករអ្នកកំណត់ជោគវាសនា ការប្រកួត ក្នុងកម្រិតអន្តរជាតិ បន្ទាប់ពីក្រុមតោកំណាចអង់គ្លេសបានយកឈ្នះលើក្រុមឆែក។ ប្រធានក្រុមរូបនេះជឿជាក់ថា ការលេងឱ្យក្លិបយក្សលំដាប់ពិភពលោក បានផ្តល់ឱ្យអតីតកីឡាករ Newcastle រូបនេះនូវទំនុកចិត្តខ្ពស់លើខ្លួនឯង ដើម្បីបង្ហាញឥទ្ធិពលលើឆាកកីឡាកម្រិតកំពូល នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មានGoal ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

ក្រុមជម្រើសជាតិអង់គ្លេស បានស្តារមុខមាត់ឡើងវិញពីការបរាជ័យ ៣-២ ទល់នឹងអេស្ប៉ាញ ដើម្បីដណ្តើមបានជ័យជម្នះ ដ៏សំខាន់ក្នុងពានរង្វាន់ Nations League កាលពីរាត្រីថ្ងៃអង្គារ។ ក្រុមក្រោមការដឹកនាំរបស់លោក Thomas Tuchel បានទាញយកប្រៀបពីការពិន័យកាតក្រហមរបស់កីឡាករ Pavel Sulc នៅតង់ទីមួយ ដើម្បីយកឈ្នះឆែកក្នុងលទ្ធផល ២-០ យ៉ាងជឿជាក់។
Gordon បានតែតបញ្ចូលទីបំបែកពងមាន់ភ្លាមៗ បន្ទាប់ពីការសម្រាកតង់ទីមួយ ពីការបញ្ជូនបាល់យ៉ាងច្បាស់លាស់ របស់ខ្សែការពារក្លិប Real Madrid គឺកីឡាករ Trent Alexander-Arnold។ ខ្សែប្រយុទ្ធរបស់ក្លិប Barcelona រូបនេះ កំពុងស្ថិតក្នុងទម្រង់លេងដ៏លេចធ្លោបំផុតក្រោមការដឹកនាំរបស់លោក Tuchel ដោយរកគ្រាប់បាល់បាន ៣ ប្រកួតជាប់ៗគ្នាក្នុងការបង្ហាញខ្លួនឱ្យជម្រើសជាតិ។
បន្ទាប់មក Kane បានបន្ថែមគ្រាប់បាល់ទីពីរ ដើម្បីធានាជ័យជម្នះ ៣ ពិន្ទុពេញសម្រាប់ក្រុមភ្ញៀវ។ ជ័យជម្នះនេះបានឆ្លុះបញ្ចាំងពីឥទ្ធិពលកាន់តែខ្លាំងរបស់កីឡាករអង់គ្លេសដែលប្រកបអាជីពនៅក្របខណ្ឌ La Liga ដោយក្នុងនោះ Gordon បានបង្ហាញភាពលេចធ្លោជាងគេ បន្ទាប់ពីការផ្ទេរទៅកាន់ទឹកដីកាតាឡូនីក្នុងតម្លៃ ៧០ លានអឺរ៉ូ (ប្រមាណ ៦០ លានផោន) កាលពីរដូវក្តៅកន្លងទៅ។
Kane បានកោតសរសើរជាពិសេសចំពោះ Gordon ដោយលើកឡើងពីភាពក្លាហានក្នុងការចាកចេញពី Newcastle United ដែលបានជួយលើកកម្ពស់កម្រិតលេងទូទៅរបស់គេ «ខ្ញុំគិតថា ពេលខ្លះការទៅចូលរួមក្លិបធំកម្រិតនោះ ផ្តល់ឱ្យអ្នកនូវការជឿជាក់ និងទំនុកចិត្តកាន់តែខ្លាំងលើខ្លួនឯង។ អ្នកមានអារម្មណ៍ថាខ្លួនស័ក្តិសមនឹងឈរលើឆាកប្រកួតដ៏ធំបំផុត ហើយខ្ញុំយល់ថា គេបាននាំយកអារម្មណ៍ជឿជាក់ នោះមកបង្ហាញក្នុងទម្រង់លេងជាមួយជម្រើសជាតិអង់គ្លេស»។
ប្រធានក្រុមរូបនេះ បានសម្តែងការស្ងើចសរសើរចំពោះភាពមុតស្រួចរបស់ Gordon ក្នុងតំបន់ប្រយុទ្ធ ដោយបានបន្ថែមទៀតថា «គេលេងបានយ៉ាងល្អឥតខ្ចោះ ទល់នឹងអេស្ប៉ាញកាលពីថ្ងៃសៅរ៍ ហើយថ្ងៃនេះគេជាអ្នកបង្កើតភាពខុសគ្នា ម្តងទៀត។ គេតែងតែព្យាយាមវាយលុកចំៗទៅមុខ និងជាអ្នកនាំក្រុមឱ្យមានប្រៀប រួមទាំងការបញ្ចប់ទីដ៏អស្ចារ្យ ។ ការបញ្ជូនបាល់របស់ Trent ពិតជាល្អណាស់ ប៉ុន្តែការបញ្ចប់ទីបែបនោះមិន មែនជារឿងងាយស្រួលទេ ហើយគេធ្វើវាបានយ៉ាងល្អ»។
បន្ថែមពីនេះ Kane ក៏បានលើកសរសើរ ខ្សែការពារ Alexander-Arnold ដែលត្រូវបានកោះហៅចូលជម្រើសជាតិ ជាលើកដំបូងគិតចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៥ ចំពេលក្រុមជួបវិបត្តិរបួសកីឡាករថា៖ «Trent ពិតជាអស្ចារ្យ។ ទាំងការបញ្ជូនបាល់ ចម្ងាយបាល់ និងការទាត់បាល់កាត់ចូលតំបន់គ្រោះថ្នាក់ ហើយថ្ងៃនេះ ការពាររបស់គេក៏ធ្វើបានយ៉ាងល្អផងដែរ។ Trent គ្រាន់តែបន្តបន្ទាបខ្លួន និងខិតខំប្រឹងប្រែងបន្តទៀតប៉ុណ្ណោះ»។
ប្រែសម្រួល៖គីរី
