ម៉ាឌ្រីដ៖ ស្ថាប័នគ្រប់គ្រងលីគកំពូលអេស្ប៉ាញ ឡាលីហ្កា (La Liga) បានចេញមុខថ្កោលទោសជាផ្លូវការ ចំពោះសកម្មភាពស្រែកប្រមាថជាបន្តបន្ទាប់ សំដៅទៅលើខ្សែប្រយុទ្ធ Vinicius Junior និងក្លិបអធិរាជស Real Madrid កាលពីចុងសប្តាហ៍កន្លងទៅ។ អ្វីដែលជារឿងដ៏ចម្លែក និងហួសចិត្តបំផុតនោះគឺ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានក្រុមអ្នកគាំទ្រ របស់ក្លិប Real Sociedad ស្រែកជេរប្រមាថ នៅក្នុងការប្រកួតមួយដែលរូប គេមិនបានទាំងមានវត្តមានចូលរួមទាល់តែសោះ ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Goal ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមអ្នកគាំទ្រក្លិប Real Sociedad បានស្រែកច្រៀងយ៉ាងព្រមគ្នាជាច្រើនដងថា “Vinicius គឺជាមនុស្សល្ងង់” (Vinicius is an idiot) នៅក្នុងកីឡដ្ឋាន កំឡុងពេលក្រុមរបស់ខ្លួនប្រកួតជាមួយក្រុម Deportivo de A Coruna។ ការវាយប្រហារដោយពាក្យសម្តីដោយគ្មានមូលហេតុនេះ គឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើល ព្រោះតារាឆ្នើមរបស់ក្រុម Real Madrid រូបនេះ មិនបាននៅលើទីលាន ឬនៅក្បែរកីឡដ្ឋាននោះឡើយកំឡុងពេលប្រកួតខាងលើ។
ស្ថាប័ន La Liga បានកត់ត្រាទុកនូវព្រឹត្តិការណ៍នេះជាផ្លូវការ និងបានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពបែបនេះនឹងមិនអាចគេចផុតពីការដាក់ទណ្ឌកម្មឡើយ។ ចំណាត់ការក្តៅគគុកនេះ គឺជាផ្នែកមួយនៃយុទ្ធនាការដ៏ធំរបស់លីគ ក្នុងការខិតខំកែលម្អអាកប្បកិរិយារបស់អ្នកគាំទ្រ និងលុបបំបាត់ការប្រើប្រាស់ពាក្យសម្តីប្រមាថផ្សេងៗ ដើម្បីសម្អាតបរិយាកាសទូទៅនៅក្នុងវិស័យបាល់ទាត់អេស្ប៉ាញឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ។
ការប្រើប្រាស់ពាក្យសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរនេះ ត្រូវបានគេមើលឃើញថា បានបង្កើតឱ្យមានបរិយាកាសដ៏តានតឹងមួយ មុនពេលជំនួប El Clasico ដ៏ធំឈានចូលមកដល់។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីលីគបានសង្កត់ធ្ងន់ និងបញ្ជាក់ជាថ្មីម្តងទៀតថា អាកប្បកិរិយាឈ្លានពាន និងខ្វះក្រមសីលធម៌បែបនេះ គឺមិនត្រូវបានអនុញ្ញាតឱ្យមានជាដាច់ខាតនៅក្នុងកីឡដ្ឋានបាល់ទាត់សម័យទំនើប។
ប្រែសម្រួល៖ គីរី
