ផ្សេងៗ

ក្រុមហ៊ុន OpenAI ត្រៀមខ្លួនធ្វើ IPO នៅឆ្នាំ២០២៧ ខណៈចំណូលភាគច្រើនបច្ចុប្បន្នបានមកពីការលក់ជូនសហគ្រាស

​បរទេស៖ ប្រធានក្រុមហ៊ុន OpenAI លោក Greg Brockman បានថ្លែងកាលពីថ្ងៃពុធថា បច្ចុប្បន្ននេះ ក្រុមហ៊ុនរកប្រាក់ចំណូលបានភាគច្រើនពីការលក់ជូនសហគ្រាសធំៗ (Enterprise Sales) ហើយលោកជឿជាក់ថា ក្រុមហ៊ុននឹងត្រៀមខ្លួនរួចរាល់សម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅឆ្នាំ២០២៧ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​លោក Brockman បានបញ្ជាក់ថា មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិត (AI) មួយនេះ កំពុងបង្កើនការលក់យ៉ាងសកម្មដល់បណ្តាអាជីវកម្មនានា ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនគូប្រជែង Anthropic ដែលទំនងជានឹងឈានទៅធ្វើ IPO មុនដំណាច់ឆ្នាំនេះ ដោយក្នុងនោះក៏មានបញ្ចូលនូវការជំរុញការលក់ភ្នាក់ងារ AI ឈ្មោះ Codex របស់ខ្លួនផងដែរ។

​ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែក AI រូបនេះ បានថ្លែងយ៉ាងដូច្នេះនៅក្នុងសន្និសីទបច្ចេកវិទ្យារបស់សារព័ត៌មាន Wall Street Journal នៅក្នុងទីក្រុង Napa រដ្ឋកាលីហ្វ័រញ៉ា។ នៅពេលត្រូវបានសួរនៅលើឆាកថា តើ OpenAI នឹងត្រៀមខ្លួនរួចរាល់សម្រាប់ការធ្វើ IPO នៅឆ្នាំក្រោយដែរឬទេ លោកបានឆ្លើយតបយ៉ាងខ្លីថា៖ «ខ្ញុំគិតថាអញ្ចឹង»។

​យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន OpenAI ដែលមានមូលដ្ឋាននៅទីក្រុង San Francisco មួយនេះ កំពុងប្រញាប់ប្រញាល់បង្កើនការរៃអង្គាសប្រាក់បន្ថែម ដើម្បីទាញយកអត្ថប្រយោជន៍ពីកំណើនថ្មីៗរបស់ខ្លួន បន្ទាប់ពីបានពន្យារពេលផែនការ IPO របស់ខ្លួនកន្លងមក៕

ប្រែសម្រួល៖ គីរី

Most Popular

To Top