ប្លែកៗ

ទឹកជំនន់ មិនធ្លាប់មានពីមុននៅភាគខាងត្បូងអេហ្ស៊ីប បង្កឲ្យសត្វខ្យាដំរីចេញមកវាយប្រហារអ្នកស្រុក


អេហ្ស៊ីប៖ភ្លៀងធ្លាក់ខ្លាំងមិនធម្មតា និងទឹកជំនន់នៅភាគខាងត្បូងប្រទេសអេហ្ស៊ីប បានរំខានដល់ជម្រករបស់ខ្យាដំរីបណ្តាលឲ្យមានសត្វចង្រៃរាប់រយក្បាល និងយ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់ និងមនុស្សជាង ៥០០នាក់រងរបួសនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


បើយោងតាមលោក Ehab Hanafy អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលក្នុងតំបន់បាននិយាយថា ព្យុះផ្គររន្ទះដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅទីក្រុង Aswan ភាគខាងត្បូងប្រទេសអេហ្ស៊ីប បាននាំឲ្យពពួកសត្វចង្រៃត្រូវបានទឹកនាំទៅតាមផ្លូវ។ Aswan ជាធម្មតាទទួលបានភ្លៀងតិចជាងមួយភាគបួននៃមួយអ៊ីញក្នុងមួយឆ្នាំ ប៉ុន្តែទឹកភ្លៀងមិនធម្មតាត្រូវបានគេរាយការណ៍ថា រួមបញ្ចូលការធ្លាក់ព្រិលផងដែរ។


សត្វខ្យាដំរីជាទូទៅលាក់ខ្លួននៅក្នុងប្រហោង និងក្រោមថ្មនៅពេលថ្ងៃ ហើយចេញនៅពេលយប់ ដើម្បីបរបាញ់សត្វចៃ និងសត្វល្អិតតូចៗ ហើយមិនទាន់មានព័ត៌មានលម្អិតពីអ្នកស្លាប់នៅឡើយទេ។ វាក៏មិនទាន់ច្បាស់ថាប្រភេទណាដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែអេហ្ស៊ីបគឺជាជម្រករបស់ពពួកសត្វជាច្រើនប្រភេទ រួមទាំងខ្យាដំរី Arabian ឬ Androctonus crassicauda ផងដែរ។


ពិសរបស់ A. Crassicaudaមានផ្ទុកសារធាតុណឺរ៉ូតូស៊ីនបណ្តាលឲ្យមានការឈឺចាប់ខ្លាំង ឡើងក្រហម និងហើមនៅក្នុងតំបន់នៃស្នាមប្រេះភ្លាមៗអាចកើតឡើងដោយការឆក់ ការមើលឃើញមិនច្បាស់ និងអាចបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ផ្លូវដង្ហើម និងបេះដូងដំណើរការខុសប្រក្រតី។


បើគ្មានការថែទាំត្រឹមត្រូវ និងប្រឆាំងពិសឡើយ មនុស្សពេញវ័យអាចស្លាប់បានត្រឹមតែមួយម៉ោងបន្ទាប់ពីត្រូវសត្វចង្រៃខាំ។ យោងតាមសារព័ត៌មាន Associated Press បានឲ្យដឹងថា ជនរងគ្រោះជាង ៥០០ នាក់ដែលនៅរស់រានមានជីវិតឡើងវិញ បន្ទាប់ពីទទួលបានថ្នាំប្រឆាំងពិសដ៏សាហាររបស់សត្វនេះ៕


ដោយ៖លី ភីលីព

Most Popular

To Top