ក្រុមហ៊ុន Lexus បានបញ្ចេញនូវរូបរាងពិតប្រាកដ អំពីរថយន្តអគ្គិសនីទីមួ យរបស់ខ្លួន ដែលមានឈ្មោះថា RZ 450e។ ប៉ុន្តែរថយន្តនេះត្រូវបានបង្ហាញតែផ្នែកខាងក្រៅប៉ុណ្ណោះ មិនទាន់ដឹងថាផ្នែកខាងក្នុងវា ត្រូវបានឌីហ្សាញយ៉ាងណានោះទេ។
រថយន្តអគ្គិសនីនេះ ត្រូវបានឌីហ្សាញជារថយន្តបែបអនាគត ដែលមានភាពប្រណីតខ្លាំង ពិសេសផ្នែកខាងមុខដែលរចនាជារាងច្រមុះត្រីឆ្លាម បំពាក់ជាមួយចង្កៀងរាងស្រួច LED និងមានប៉ាណា spindle grille ដែល Leuxs ច្រើនតែបំពាក់លើរថយន្តខ្លួន។ ផ្នែកចំហៀងរថយន្តគឺឃើញមានដៃទ្វារបើកធម្មតា មិនមែនជា pop-up នោះទេ និងរន្ធសម្រាប់សាកភ្លើងនៅថ្ពាល់ឆ្វេង ហើយចង្កៀងស្តុបក្រោយក៏ជាប្រភេទ LED និងមានបំពាក់ spoiler នៅខាងក្រោយផងដែរ។
បើតាមព័ត៌មានលេចធ្លាយកន្លងមកឱ្យដឹងថា Lexus RZ 450e នឹងត្រូវអភិវឌ្ឍឡើងលើគ្រោងឆ្អឹង e-TNGA ដូចរថយន្ត bZ4X របស់ Toyota និង Solterra របស់ Subaru ដែរ។ រថយន្តនេះអាចមានកម្លាំងម៉ាស៊ីនខ្លាំង ៥៣៦សេះ ដោយជាន់ពីល្បឿន ០ ទៅ ១០០គ.ម/ម៉ ប្រើពេលតែ ៣វិនាទី និងមានអាគុយធំផ្ទុកភ្លើងបាន ៩០គីឡូវ៉ាត់ម៉ោង ហើយពេលសាកភ្លើងពេញម្តង អាចធ្វើដំណើរបានដល់ចម្ងាយ ៦០០គីឡូម៉ែត្រ។ វាក៏នឹងភ្ជាប់មកជាមួយដុំសាកលឿនផងដែរ។ បើប្រៀបធៀបនឹង Toyota bZ4X គឺបំពាក់អាគុយផ្ទុកភ្លើងបានតែ ៧១,៤គីឡូវ៉ាត់ម៉ោង ដែលអាចធ្វើដំណើរបានត្រឹម ៤២០គីឡូម៉ែត្រ។
អាគុយរបស់ Lexus នេះ អាចប្រកួតជាមួយគូប្រជែងធំៗបានដូចជា Tesla Model Y, Audi Q4 e-tron, Genesis GV60, BMW iX, Mercedes-Benz EQC, Jaguar I-Pace, Polestar 2 និង Cadillac Lyriq។
ក្រុមហ៊ុន Lexus នឹងបញ្ចេញរថយន្តនេះ ជាផ្លូវការក្នុងអំឡុងពីរបីខែក្រោយ ហើយគ្រោងដាក់លើទីផ្សារនៅអំឡុងឆមាសទី២ នៃឆ្នាំ២០២២ ដោយតម្លៃមិនទាន់បានបញ្ជាក់នៅឡើយ៕
ប្រភព៖ http://sabay