ក្រុមអ្នកស្រាវជ្រាវ មកពីក្រុមហ៊ុនសុវត្ថិភាព កុំព្យូទ័រ ReasonLabs បានផ្សព្វផ្សាយ កាលពីពេលថ្មីៗ នេះ ឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន ក្នុងការទាញយករឿងថ្មី របស់ Spider-Man ព្រោះក្រុម ជនខិលខូច បានប្រើវិធីនេះ ដើម្បីបញ្ចូលកម្មវិធីមេរោគ ដែលអាចឱ្យពួកគេប្រើប្រាស់ កុំព្យូទ័រ របស់ជនរងគ្រោះ ដើម្បីស្វែងរករូបិយប័ណ្ណកាក់ឌីជីថល ។
ReasonLabs បានរាយការណ៍ថា ឯកសារដែលកំពុង ត្រូវបានចែកចាយនោះមានឈ្មោះ “spider-man_net_putidomoi.torrent.exe” ជាភាសារុស្សី ឬ “spiderman_no_wayhome.torrent.exe” ជាភាសាអង់គ្លេស។ កម្មវិធីនេះក៏អាចធ្វើការផ្លាស់ប្ដូរការ កំណត់មួយចំនួន នៅក្នុងកម្មវិធីការពារមេរោគ Windows Defender ដើម្បីចៀសវាងពីការរកឃើញ ។
ទោះបីជាមេរោគប្រភេទ នេះ មិនបានលួចទាញយកទិន្នន័យ ឯកជន ភាព របស់អ្នកប្រើប្រាស់ ដែលអ្នកប្រើភាគច្រើនខ្លាច នៅពេលគិតអំពីមេរោគ នៅលើកុំព្យូទ័រ របស់ពួកគេ ប៉ុន្តែវាធ្វើឱ្យជនរងគ្រោះ ចំណាយថវិកាច្រើន ជាមួយនឹង ការប្រើអគ្គិសនី និងអាចធ្វើឱ្យខូចកុំព្យូទ័រ ដោយសារតែអ្នកស្វែង រកកាក់ឌីជីថល ត្រូវការការប្រើប្រាស់ស៊ីភីយូខ្ពស់ ។ គួរបញ្ជាក់ ផងដែរថា ក្រុមជនខិលខូច តែងតែប្រើវិធីសាស្ត្រ ក្លែងបន្លំជាកម្មវិធីពេញ និយមក្នុងការចែកចាយកម្មវិធីមេរោគមានដូចជាកម្មវិធី ‘windows up-dater’ និង ‘discord app’ ជាដើម។
ដោយសារតែមើល ឃើញពីភាពគ្រោះថ្នាក់ ក្នុងការទាញ យកកម្មវិធី ទើបនាយកដ្ឋាន តែងតែធ្វើការ ណែនាំដល់អ្នកប្រើប្រាស់ ឱ្យទាញយកកម្មវិធីពីប្រភព ច្បាស់លាស់ និងចៀសវាងទាញយកកម្មវិធី ដែលបានកែដើម្បីចៀស វាងពីការបង់លុយ ព្រោះជនខិលខូចក៏អាច លួចបញ្ចូលកម្មវិធីមេរោគ ទៅក្នុងកម្មវិធីទាំងនោះបានផងដែរ ៕