បច្ចេកវិទ្យា

មន្ត្រីជំនាញ ប្រាប់គន្លឹះចំនួន ៦ ដើម្បីការពារ សុវត្ថិភាពកុមារ​លើបណ្តាញអ៉ីនធឺណិត!

ដោយសារការរីកចម្រើន ​​នៃបច្ចេកវិទ្យា អ៉ីនធឺណិត បានក្លាយជាមធ្យោបាយប្រើប្រាស់ ​​ចាំបាច់បំផុតមួយ បម្រើដល់សកម្មភាពអាជីវកម្ម ការទំនាក់ទំនង ការកំសាន្ត និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងអំឡុងពេល នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ក្នុងពេលដំណាលគ្នានេះ បញ្ហាសុខសុវត្ថិភាពលើបណ្តាលអ៉ីនធឺណិត ក៏ជាក្តីបារម្មណ៍ ចំពោះអ្នកប្រើប្រាស់ពិសេស សម្រាប់កុមារាកុមារីដែលពុំទាន់យល់ អំពីហានិភ័យ គ្រោះថ្នាក់ និងបច្ចេកទេសការពារសុវត្ថិភាព លើបណ្តាញអ៉ីនធឺណិត ហើយពួកគេក៏ជាបុគ្គល ដែលងាយរងគ្រោះ ក្នុងបទល្មើសបច្ចេកវិទ្យាផងដែរ។

ដើម្បីជាជំនួយក្នុងការពារសុវត្ថិភាពកូនៗ លោកអ្នកពីគ្រោះថ្នាក់ទាំងអស់នេះ ក្រុមការងារបច្ចេកទេស សូមធ្វើការចែករំលែកនូវ វិធីសាស្រ្ត និងទស្សនាទានគោលៗចំនួន៦ ចំនុច ជូនដល់អាណាព្យាបាល ដូចខាងក្រោម៖

១. សិក្សាស្វែងយល់អំពីគេហទំព័រ ហ្គេមកំសាន្ត និងកម្មវិធីផ្សេងៗ ដែលកូនៗ របស់អ្នកកំពុងប្រើប្រាស់។

២. ពិនិត្យមើលសកម្មភាពរបស់កូនៗ លោកអ្នកលើបណ្តាញទំនាក់ទំនងសង្គម (ឧទាហរណ៍៖ ហ្វេសប៊ុក Instagram TikTok។ ល។ )។

៣. ពន្យល់ណែនាំកូនៗរបស់អ្នក អំពីប្រភេទព័ត៌មានដែលគួរធ្វើការចែករំលែក ឬផ្តល់មតិយោបល់ ជៀសវាងការបង្ហោះព័ត៌មាន ឯកជនភាព ឬព័ត៌មានប្រឌិត ដែលប៉ះពាល់ ដល់សន្តិសុខខ្លួនឯង ក្រុមគ្រួសារ និងសង្គម។

៤. ជួយប្រឹក្សាផ្នែកបច្ចេកទេសដល់កូនៗលោកអ្នក អំពីការកំណត់ Setting ការដាក់លេខកូដសម្ងាត់ ការការពារសុវត្ថិភាពគណនីអ៉ីនធឺណិត (ឧទាហរណ៍៖ គណនីហ្វេសប៊ុក Instagram ឬTikTok ជាដើម)។

៥. ណែនាំកូនៗលោកអ្នក ឱ្យមានការប្រុងប្រយ័ត្ន ចំពោះជនអនាមិក លើបណ្តាញទំនាក់ទំនងសង្គម និងធ្វើការរាយការណ៍ ជូនអាណាព្យាបាលនៅពេលសង្ស័យបុគ្គលណាម្នាក់ថា កំពុងអូសទាញកូនៗ ក្នុងទំនាក់ទំនងស្នេហា ណាត់ជួប ឬឱ្យប្រព្រឹត្តសកម្មភាព ស្រើបស្រាលផ្សេងៗ។

៦. ពន្យល់កូនៗ អំពីក្រមសីលធម៌ ក្នុងការប្រើប្រាស់អ៉ីនធឺណិត។

ដូចនោះសូមអាណាព្យាបាល ធ្វើសេចក្តីរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ច ដែលនៅជិតលោកអ្នកបំផុត នៅពេលជួប ឬសង្ស័យ អំពីករណីបទល្មើសបច្ចេកវិទ្យា ដែលកំពុងកើតមានចំពោះកូនៗ លោកអ្នក៕ Source: Sabay

Most Popular

To Top