ព័ត៌មានអន្តរជាតិ

ថៃ រកឃើញអ្នកឆ្លង វីរុសបំប្លែងខ្លួនថ្មី Omicron សរុបដល់ទៅ ៧៣៩ករណីហើយ

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលថៃ កាលពីថ្ងៃពុធ ទី២៩ ខែធ្នូនេះ បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានរកឃើញករណីឆ្លងវីរុស កូវីដ-១៩ Omicron សរុបចំនួន៧៣៩ ករណី គិតមកទល់នឹងពេលនេះ រួមទាំងការមកដល់ក្រៅប្រទេស ចំនួន៤៨៨នាក់ និងឆ្លងក្នុងស្រុក ចំនួន២៥១នាក់ ។

លោក Supakit Sirilak អគ្គនាយកនៃនាយកដ្ឋាន វិទ្យាសាស្ត្រវេជ្ជសាស្ត្រ មកពីក្រសួងសុខាភិបាលសាធារណៈ បានលើកឡើងថា ទោះបីជាករណីថ្មីនៃជំងឺកូវីដ-១៩ភាគច្រើន ដែលត្រូវបានរាយការណ៍ នៅក្នុងប្រទេសថៃឡង់ដ៏ នៅតែជាប្រភេទ Delta ក៏ដោយ ក៏ករណី Omicron កាន់តែច្រើន បានចាប់ផ្តើមលេចឡើង ។

យោងតាមមន្ត្រី ការឆ្លងមេរោគ Omicron ត្រូវបានគេរកឃើញរួចហើយ នៅក្នុងខេត្តចំនួន៣៣ ដែលក្នុងនោះ១៩ខេត្ត ត្រូវបានគេដឹងថា មានករណីមកពីការឆ្លងមេរោគក្នុងតំបន់ ។ ភាគច្រើននៃអ្នកឆ្លងក្នុងស្រុកទាំងនោះ ត្រូវបានគេដឹងថាមានទំនាក់ទំនង ទៅនឹងការឆ្លងជំងឺពីចង្កោម Kalasin ។

ខេត្តចំនួន៣គឺក្រុងបាងកក កាឡាស៊ីន និងភូកេត មានចំនួនច្រើនជាង ៦០ភាគរយ នៃករណី Omicron ទាំងនេះ ។

ក្រសួងសុខាភិបាលបានជំរុញ ឲ្យប្រជាពលរដ្ឋការពារខ្លួន ដោយពាក់ម៉ាស់មុខ ការរក្សាគម្លាតសង្គម និងការលាងដៃជាប្រចាំ ព្រោះវិធានការទាំងនេះ នៅតែមានប្រសិទ្ធភាព ក្នុងការការពារការឆ្លងមេរោគកូវីដ-១៩ គ្រប់ប្រភេទ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top