បច្ចេកវិទ្យា

ឡានអគ្គិសនី​ ៧ ដែលគេទន្ទឹងរង់ចាំ ជាយូរមកហើយនោះ នឹងលេចមុខ នៅឆ្នាំ​២០២២នេះ

នៅក្នុងឆ្នាំ​២០២១កន្លងទៅ ក្រុមហ៊ុន​ជាច្រើន​បាន​បញ្ចេញ ​រថយន្ត​អគ្គិសនី​របស់ពួកគេ​ ដែល​នឹង​លេចមុខលើទីផ្សារក្នុងឆ្នាំ​២០២២នេះ។ ក្នុងចំណោមនោះ មាន​រថយន្ត​អគ្គិសនី៧ ដែល​គេ​កំពុងទន្ទឹងរង់ចាំមើល​ រួមមានដូចខាងក្រោម៖

  • Ford F-150 Lighting

រថយន្ត​ស៊េរី F-150 គឺ​ជាប្រភេទភីកអាប់​ ដែល​លក់​ដាច់ជាងគេបំផុត។ កាន់តែ​គួរឱ្យភ្ញាក់ផ្អើល នៅពេល Ford ប្រកាស​ចេញ​ស៊េរីមួយទៀត ដែល​ជាប្រភេទអគ្គិសនីគឺ Ford F-150 Lighting ដោយគ្រាន់តែបើកឱ្យកក់ភ្លាម គឺ​ត្រូវបាន​កក់​ស្ទើរតែគ្រប់ចំនួន​ទៅហើយ។ រថយន្ត​នេះ មានតម្លៃ​ជិត ៤ម៉ឺនដុល្លារ មក​ជាមួយ​ជម្រើសអាគុយពីរ គឺ standard range និង​ extended range។ សម្រាប់​អាគុយ standard range មាន​ទំហំ ៩៨គីឡូវ៉ាត់ម៉ោង ពេល​សាកពេញម្តងបើកបាន​ចម្ងាយ ៣៧០គីឡូម៉ែត្រ។ ចំណែកអាគុយ extended range មាន​ទំហំ ១៣១គីឡូវ៉ាត់ម៉ោង ពេលសាកពេញ​ធ្វើដំណើរបានចម្ងាយ ៤៨០គីឡូម៉ែត្រ។

  • Toyota bZ4X

ជារថយន្ត​អគ្គិសនី​ដំបូង​របស់ Toyota ចាប់ពីជាង ៥ម៉ឺនដុល្លារឡើងទៅ។ រថយន្ត​នេះ មាន​ជម្រើសប៉ុង១ រត់កង់មុខ និងប៉ុង២។ ក្នុងនោះប៉ុង១ មាន​កម្លាំង ២០៤សេះ និង​បំពាក់​អាគុយ​ផ្ទុកភ្លើងបាន ៧១,៤គីឡូវ៉ាត់ម៉ោង ដែល​សាកពេញ​ម្តង អាច​ធ្វើដំណើរ​បាន​ដល់​ចម្ងាយប្រហែល ៤២០គីឡូម៉ែត្រ។ ចំណែក​ប៉ុង២ គឺមាន​កម្លាំង​សរុប ២១៨​សេះ ជាន់ពី​ល្បឿន ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៧,៧វិនាទី និង​មានអាគុយ​ធំជាងបន្តិច គឺអាចផ្ទុកភ្លើង​បាន ៧២,៨គីឡូវ៉ាត់ម៉ោង។

  • Lexus RZ 450e

ជារថយន្ត​អគ្គិសនី​ដំបូង​ដែល Lexus បាន​ប្រកាសចេញ។ រថយន្តនេះ​អាច​មាន​កម្លាំងម៉ាស៊ីនខ្លាំង ៥៣៦សេះ ដោយជាន់ពីល្បឿន ០ ទៅ ១០០គ.ម/ម៉ ប្រើពេលតែ ៣វិនាទី និង​មាន​អាគុយធំផ្ទុកភ្លើងបាន ៩០គីឡូវ៉ាត់ម៉ោង ហើយ​ពេល​សាកភ្លើង​ពេញម្តង អាចធ្វើដំណើរ បានដល់ចម្ងាយ ៦០០គីឡូម៉ែត្រ។ 

  • Subaru Solterra 2023

ជារថយន្តអគ្គិសនីដំបូងរបស់ Subaru ផលិតឡើង ​ដោយសហការជាមួយនឹង Toyota។ វាប្រើ​ម៉ូទ័រអគ្គិសនី​មួយ ប៉ុង១ រត់កង់ខាងមុខ កម្លាំង ២០១សេះ និង​ជម្រើសប៉ុង២ កម្លាំង ២១៥សេះ។ អាគុយ​របស់​រថយន្ត​នេះ ​អាចផ្ទុក​ភ្លើង​បាន ៧១,៤គីឡូវ៉ាត់ម៉ោង ហើយពេលសាកពេញ​ម្តង អាច​រត់បានចម្ងាយ ៤៦០គីឡូម៉ែត្រ សម្រាប់ប៉ុង២ និង ​៥៣០គីឡូម៉ែត្រ សម្រាប់​ប៉ុង១

  • Tesla Cybertruck

ជារថយន្ត​ដ៏ល្បីខ្លាំងជាងគេបំផុត ​ក្នុងពិភពលោក ដោយសារតែរូបរាងជ្រុងបែបអនាគតរបស់វា។ តាមការលេចធ្លាយកន្លងមកឱ្យដឹងថា រថយន្ត​នេះ មានតម្លៃ ៣៩ ៩០០ដុល្លារ (សម្រាប់ Single-motor ប៉ុង១រត់កង់ខាងក្រោយ)។ តម្លៃ Cybertruck ​នឹងខ្ពស់ជាងនេះ ពោលគឺប្រមាណ ៤៩ ៩០០ដុល្លារ សម្រាប់​ប្រភេទ Dual-motor ប៉ុង២ ឬឡើងដល់ ៦៩ ៩០០ សម្រាប់ប្រភេទ tri-motor ប៉ុង២។ ​ សម្រាប់​ប្រភេទ Single Motor រថយន្ត Cybertruck នេះ អាចជាន់ពីល្បឿន ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៦,៥វិនាទី ហើយពេល​សាកភ្លើងពេញ​ម្តង អាចបើកដល់ចម្ងាយ ៤០០គីឡូម៉ែត្រ។ ចំណែក​ប្រភេទ Dual Motor អាចបើកលើសនេះ ៨០គីឡូម៉ែត្រទៀត (ល្បឿនពី០ ទៅ ១០០គ.ម/ម៉ ប្រើពេលក្រោម ៤,៥វិនាទី) និង​ប្រភេទ Tri-motr បន្ថែម​ដល់ ៩៦គីឡូម៉ែត្រ (ល្បឿនពី០ ទៅ ១០០គ.ម/ម៉ ប្រើពេលក្រោម ៣,៥វិនាទី)។

  • Hyundai Ioniq 5 ឆ្នាំ២០២២

រថយន្ត​នេះ មាន​តម្លៃចាប់ពី ៣៩ ៧០០ដុល្លារឡើងទៅ។ វា​បំពាក់ម៉ូទ័រអគ្គិសនីមួយ នៅប៉ុងខាងក្រោយ និងអាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ដែលបង្កើតកម្លាំងបានសរុប ២២៥សេះ និងកម្លាំងរមួល ៣៤៩ញ៉ូតុនម៉ែត្រ។ Hyundai ក៏ផ្តល់ជម្រើស Ioniq 5 ប្រើម៉ូទ័រអគ្គិសនី២ លើប៉ុងទាំងពីរ ដែលអាចបង្កើតកម្លាំងបាន ៣២០សេះ និងកម្លាំងរមួល ៦០៤ញ៉ូតុនម៉ែត្រ។ ម៉ូដែលនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៥វិនាទីឡើយ ប៉ុន្តែមានចម្ងាយបើកបរ ត្រឹមតែ ២៥៦ម៉ាយ៍ ឬ ៤១២គីឡូម៉ែត្រប៉ុណ្ណោះ នៅពេលសាកភ្លើងពេញម្តង។ វាក៏មានប្រភេទ Standard Range មួយទៀត ដែលប្រើម៉ូទ័រអគ្គិសនីមួយ និងមានចម្ងាយបើកបរ ២២០ម៉ាយ៍ ឬ ៣៥៤គីឡូម៉ែត្រ។ នៅពេលអាគុយនៅសល់ ១០% ការសាកភ្លើងតាមរយៈដុំសាក ២៤០វ៉ុល Level 2 អាចបំពេញវាក្នុងរយៈពេល ៦ម៉ោង និង ៤៣នាទី។ លើសពីនេះទៅទៀត វាក៏គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែរ ដោយដុំសាកកម្លាំង ៣៥០គីឡូវ៉ាត់ អាចបំពេញអាគុយពី ១០-៨០% ប្រើពេល ១៨នាទី ឬ សាកត្រឹម ៥នាទី អាចបានចម្ងាយបើកបរ ៦៨ម៉ាយ៍ ឬ ១០៩គីឡូម៉ែត្រឯណោះ។

  • Kia EV6 ឆ្នាំ២០២២

វាចេញមក​មាន​គោលដៅ​សំខាន់​ គឺ​ប្រជែងជាមួយនឹង Hyundai Ioniq 5។ រថយន្តនេះ ពេលសាកភ្លើងពេញ គឺ​អាច​ធ្វើដំណើរបានចម្ងាយពី ៣៧៣ ទៅដល់ ៤៩៨គីឡូម៉ែត្រ ដោយខុសគ្នា​ទៅតាម​ option រថយន្តដែលមានដូចជា EX, EX Plus, GT-Line និង GT។ តួយ៉ាងរថយន្ត EV6 EX ដែល​បំពាក់អាគុយទំហំ ៥៨គីឡូវ៉ាត់ម៉ោង គឺ​អាចបើកបរបាន​ត្រឹម ៣៧៣គីឡូម៉ែត្រ​ ចំណែកឯ EV6 GT-Line និង EX Plus ផ្ទុកអាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង គឺ​អាច​ធ្វើដំណើរ ​បានចម្ងាយ ៤៩៨គីឡូម៉ែត្រ។ បើប្រៀបធៀប Hyundai Ioniq 5 ពេល​សាកភ្លើងពេញ​ធ្វើដំណើរ បាន​ចម្ងាយ ៤៨៧គីឡូម៉ែត្រ៕ Source: Sabay

Most Popular

To Top