សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នំា២០២២ថា យោធាកូរ៉េខាងត្បូង និងឆ្មាំសមុទ្រជប៉ុន បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង នៅថ្ងៃអង្គារនេះ ដែលជាការបាញ់បង្ហោះគ្រាប់មីស៊ីល ជាក់ស្តែងជាលើកទី២ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ បន្ទាប់ពីមេដឹកនាំរដ្ឋផ្តាច់ខ្លួន ជំរុញឱ្យមានការរីកចម្រើនផ្នែកយោធាបន្ថែមទៀត ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ហៅកាត់(JCS) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់បង្ហោះមីស៊ីលផ្លោង ដែលសង្ស័យត្រូវបានគេរកឃើញនៅម៉ោងប្រហែល៧និង២៧នាទីព្រឹក ពីតំបន់ដីគោកនៃប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រនៃឆ្នេរសមុទ្រភាគខាងកើត របស់ខ្លួន ។
ទីភ្នាក់ងារព័ត៌មាន Kyodo បានរាយការណ៍ដោយដកស្រង់ ប្រភពរដ្ឋាភិបាលនៅទីក្រុងតូក្យូថាយ៉ាងដូច្នេះ ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់ដល់អ្នកយកព័ត៌មានថា “កូរ៉េខាងជើងបន្តបាញ់មីស៊ីល គឺជារឿងគួរឱ្យសោកស្តាយបំផុត” ដោយកត់សម្គាល់ថា អង្គការសហប្រជាជាតិ ទើបតែបានបញ្ចប់ការពិភាក្សា អំពីរបៀបឆ្លើយតប ទៅនឹងការបាញ់បង្ហោះ កាលពីសប្តាហ៍មុន ចំពោះអ្វីដែលកូរ៉េខាងជើង បានអះអាងថាជា “មីស៊ីលដែលមានល្បឿនលឿន” ។
ការបាញ់បង្ហោះដោយកូរ៉េខាងជើង បានបំពាក់ ដោយអាវុធនុយក្លេអ៊ែរ បានគូសបញ្ជាក់ពីការប្តេជ្ញាឆ្នាំថ្មី របស់មេដឹកនាំគីម ជុងអ៊ុន ក្នុងការពង្រឹងកម្លាំងយោធា ដើម្បីទប់ទល់នឹងស្ថានការណ៍អន្តរជាតិ ដែលមិនស្ថិតស្ថេរចំពេលមានការជាប់គាំង កិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។
សេចក្តីថ្លែងការណ៍របស់ JCS បានឲ្យដឹងថា “យោធា (កូរ៉េខាងត្បូង) កំពុងរក្សាជំហរត្រៀមខ្លួន ខណៈពេលដែលកំពុងតាមដានយ៉ាងដិតដល់នូវនិន្នាការពាក់ព័ន្ធក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង (កូរ៉េខាងត្បូង) និងសហរដ្ឋអាមេរិក ក្នុងការរៀបចំសម្រាប់ការបាញ់បង្ហោះបន្ថែម” ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើការវិភាគលម្អិតរកព័ត៌មានបន្ថែមទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា