បរទេស៖ ប្រទេសកុម្មុយនិស្តឯកោកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការបាញ់តេស្តសាកល្បងមីស៊ីល លើកទី៣មួយក្នុងរយៈពេល២សប្ដាហ៍ ដែលជាសកម្មភាពតេស្តសាកល្បង អាវុធដ៏ច្រើនបំផុត គិតចាប់តាំងពីឆ្នាំ២០២០មក និងបង្កឲ្យមានក្តីព្រួយបារម្ភ នៅក្នុងចំណោមក្រុមមន្ត្រីសហរដ្ឋអាមេរិក ជុំវិញភាពតានតឹងកំពុងកើនឡើង នៅក្នុងតំបន់។
ការធ្វើតេស្តមីស៊ីលផ្លោង វាយប្រហារក្នុងរយៈចម្ងាយខ្លី ចំនួន២គ្រាប់នោះ គឺជាការតេស្តសាកល្បងអាវុធ លើកទី៣ របស់ប្រទេសកូរ៉េខាងជើង នៅក្នុងខែនេះ ក្នុងដំណើរសងសឹកជាក់ស្តែង ចំពោះទណ្ឌកម្មថ្មីៗ ដែលរដ្ឋបាលលោក បៃដិន បានដាក់ សម្រាប់ការបន្ត ធ្វើតេស្តអាវុធរបស់ខ្លួន។
គួរបញ្ជាក់ថា ការធ្វើតេស្តពីមុននូវមីស៊ីល វាយប្រហារលឿនជាងសម្លេងនៅថ្ងៃអង្គារ ដែលជាការបាញ់តេស្តសាកល្បងលើកទី២ គឺត្រូវបានចូលរួមត្រួតពិនិត្យមើល ដោយមដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានមានប្រសាសន៍ថា វានឹងបង្កើនយ៉ាងខ្លាំង នូវការទប់ទល់សង្គ្រាមនុយក្លេអ៊ែ របស់ប្រទេសលោក។
តាមសេចក្តីរាយការណ៍ ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដែលនិយាយថា វាដឹងពីការបាញ់តេស្តសាកល្បងមីស៊ីលផ្លោងនោះ និងថា វានៅតែកំពុងតែធ្វើការត្រួតពិនិត្យមើល យ៉ាងយកចិត្តទុកដាក់ ជាមួយសម្ពន្ធមិត្ត និងដៃគូនានា៕ ប្រែសម្រួល៖ប៉ាង កុង