បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅពេលថ្មីៗនេះ បានព្រមព្រៀងគ្នាក្នុងជំនួបអនឡាញ ធ្វើការជំរុញបង្កើនសហប្រតិបត្តិការ លើបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខ ដោយរួមមានទាំងអំណាចកំពុងកើនឡើងរបស់ប្រទេសចិន មីស៊ីលកូរ៉េខាងជើង និងគោលបំណងរបស់រុស្ស៊ី លើអ៊ុយក្រែន។
តាមសេចក្តីរាយការណ៍ ជំនួបអនឡាញ ដែលជាកិច្ចពិភាក្សាផ្ទាល់ដំបូង ចាប់តាំងពីលោក Kishida បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ក្នុងខែតុលាមកនេះ គឺបានធ្វើឡើងក្រោយកិច្ចពិភាក្សាក្នុងខែនេះ ដែលរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិ មកពីប្រទេសទាំងពីរ បានប្តេជ្ញាបង្កើនសហប្រតិបត្តិការ ប្រឆាំងកិច្ចប្រឹងប្រែងបង្កអស្ថិរភាព ដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក្រោយជំនួបគ្នាដែលប្រព្រឹត្តទៅ អស់រយៈពេល១ម៉ោងកន្លះនោះ នាយករដ្ឋមន្ត្រីជប៉ុន បានមានប្រសាសន៍ថា លោកទាំងពីរបានព្រមព្រៀងគ្នាធ្វើសហប្រតិបត្តិការ ដើម្បីបង្ហាញពីសេរីភាព និងភាពបើកចំហនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីធ្វើការងារយ៉ាងជិតស្និទ្ធលើបញ្ហាចិននិងមីស៊ីលកូរ៉េខាងចើង ហើយក៏ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ លើបញ្ហាអ៊ុយក្រែនផងដែរ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA បានឲ្យដឹងថា លោក Fumio Kishida ក៏បានមានប្រសាសន៍ប្រាប់ផងដែរថា ប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រទេស៤ គឺសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលីនិងឥណ្ឌា នៅក្នុងឆមាសទី១នៃឆ្នាំនេះ ជាមួយដំណើរទស្សនកិច្ចរបស់លោក បៃដិន៕ ប្រែសម្រួល៖ប៉ាង កុង