បច្ចេកវិទ្យា

Ford Maverick Hybrid តម្លៃ ២ម៉ឺនដុល្លារ ឥឡូវលក់ដាច់អស់ហើយ

Ford ដែលជាម៉ាកយីហោរថយន្តភីកអាប់ ​ដ៏ល្បីល្បាញបំផុត បាន​ប្រកាស​ផ្អាកទទួល​ការកក់​រថយន្ត Maverick Hybrid ឆ្នាំ​២០២២​ហើយ ដោយសារត្រូវគេកុម្មង់ទិញ អស់​រលីងតែម្តង ក៏ព្រោះតែភាព​លេចធ្លោរបស់​វា ​នូវតម្លៃ និង​ការស៊ីសាំងតិច។

Ford បាន​ប្រកាស​ប្រាប់​ទៅតំណាងចែកចាយរបស់ខ្លួន ឱ្យផ្អាកទទួលការកក់​រថយន្តនេះសិន ដោយ​ក្រុមហ៊ុន​ នឹង​បើកឱ្យកុម្មង់​វិញ នៅ​អំឡុងរដូវក្តៅខាងមុខ។

លោក Dean Stoneley អគ្គនាយក​ក្រុមហ៊ុន Ford បាន​និយាយថា «យើងមិនចង់​ទទួលការកុម្ម៉ង់ លើសពីចំនួន​ដែល​យើងអាចផលិត​បាននោះទេ»។ លោក​បន្តថា ក្រុមហ៊ុនបាន​ទទួល​ការកក់ពី​អតិថិជន ​ដែល​ធ្លាប់តែប្រើ​រថយន្តមួយតឹក ព្រោះតែរថយន្ត Maverick នេះ គឺ​មាន​តម្លៃ​សមរម្យ​បំផុត។

គួរបញ្ជាក់ថា Ford Maverick Hybrid គឺត្រូវបានដាក់លក់ ​ក្នុងទីផ្សារ​អាមេរិក ដោយ​មាន​តម្លៃចាប់ពី ២ម៉ឺនដុល្លារឡើង​ទៅ។

រថយន្តភីកអាប់​នេះ អាចធ្វើដំណើរបានច្រើនជាង ៦០០មាយ៍ (៩៦៥គីឡូម៉ែត្រ) នៅពេលចាក់សាំងមួយពេញធុង។ វាបំពាក់ម៉ាស៊ីនសាំង ចំណុះ ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយ និង ប្រអប់លេខអូតូ CVT មានកម្លាំង ១៩១សេះ ហើយប្រើប៉ុងមួយវិលកង់មុខ។ ជាមួយនឹងម៉ាស៊ីន Hybrid បែបនេះ ច្បាស់ណាស់រថយន្តភីកអាប់ខាងលើ ប្រាកដជាសន្សំសំចៃខ្លាំង។ វាមានកម្រិតស៊ីសាំង ជាមធ្យមខ្ទង់ ៥លីត្រប៉ុណ្ណោះ៕ Source: Sabay

Most Popular

To Top