ព្រុចសែល៖ ផលិតផលក្នុងស្រុកសរុប (GDP) ទាំងនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ និងសហភាពអឺរ៉ុប បានកើនឡើង ៥,២ភាគរយក្នុងឆ្នាំ២០២១ នេះបើយោងតាមការប៉ាន់ប្រមាណ ដែលចេញផ្សាយដោយ Eurostat ដែលជាការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ។
នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុប ដែលបានកែតម្រូវតាមរដូវកាល បានកើនឡើង ០,៣ភាគរយពីមួយត្រីមាស ទៅមួយត្រីមាស នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ និង ០,៤ ភាគរយ នៅក្នុងសហភាពអឺរ៉ុប។ តួលេខកំណើនរៀងខ្លួនសម្រាប់ត្រីមាសទី៣ ឆ្នាំមុនគឺ ២,៣ភាគរយ និង ២,២ភាគរយ។
ពីមួយឆ្នាំទៅមួយឆ្នាំ GDP ដែលត្រូវបានកែសម្រួលតាមរដូវបានកើនឡើង ៤,៦ភាគរយ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ និង ៤,៨ភាគរយ នៅក្នុងសហភាពអឺរ៉ុប ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ បន្ទាប់ពីការកើនឡើង ៣,៩ ភាគរយ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ និងការកើនឡើង ៤,១ភាគរយ នៅក្នុងសហភាពអឺរ៉ុប ក្នុងត្រីមាសមុន។
ក្នុងចំណោមរដ្ឋ ជាសមាជិកសហភាពអឺរ៉ុប ដែលមានទិន្នន័យ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ អេស្ប៉ាញ មានការកើនឡើង ២ភាគរយ ដែលជាកម្រិតខ្ពស់បំផុត បើប្រៀបធៀបទៅនឹងត្រីមាសមុន បន្ទាប់មកគឺព័រទុយហ្គាល់ (១,៦ភាគរយ) និងស៊ុយអែត (១,៤ភាគរយ) ។
ការធ្លាក់ចុះត្រូវបានកត់ត្រា នៅក្នុងប្រទេសអូទ្រីស (ដក ២,២ភាគរយ) អាល្លឺម៉ង់ (ដក ០,៧ភាគរយ) និងឡាតវី (ដក ០,១ភាគរយ)។ អត្រាពីមួយឆ្នាំទៅមួយឆ្នាំ មានភាពវិជ្ជមាន សម្រាប់ប្រទេសទាំងអស់។
យោងតាមអ្នកជំនាញ ING លោក Bert Colijn បានឲ្យដឹងថា អត្រាកំណើន ០,៣ភាគរយ ប្រចាំត្រីមាស បានបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច តំបន់ចាយប្រាក់អឺរ៉ូ។ ខណៈពេលដែលការប្រែប្រួល ជំងឺកូវីដ-១៩ អូមីក្រុង អតិផរណា និងការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ នៅតែបន្តថ្លឹងថ្លែង លើការពង្រីកនៅក្នុងត្រីមាសបច្ចុប្បន្ន៕
