អង់គ្លេស៖ សមាជិកសភាបានព្រមាន អំពីការកើនឡើងគួរឲ្យព្រួយបារម្ភ ក្នុងការក្លែងបន្លំនៅចក្រភពអង់គ្លេស ហើយបានស្នើឲ្យ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមទាំងក្រុមហ៊ុន Facebook និងក្រុមហ៊ុន Google គួរតែបង់ប្រាក់សំណង ដល់មនុស្សត្រូវបានបោកបញ្ឆោត ដោយអ្នកបោកប្រាស់ ដែលប្រតិបត្តិការ នៅលើគេហទំព័ររបស់ពួកគេ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
របាយការណ៍របស់គណៈកម្មាធិការ រតនាគារបាននិយាយថា រដ្ឋាភិបាលបានបរាជ័យ ក្នុងការបញ្ឈប់អ្នកបោកប្រាស់ ដ៏គួរឲ្យភ័យខ្លាច ដែលបំផ្លាញអ្នកប្រើប្រាស់ស្លូតត្រង់ ជាមួយនឹងការផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើណេតក្លែងបន្លំ បោកប្រាស់ និងការវិនិយោគគ្រីបតូ។
គណៈកម្មាធិការបាននិយាយថា វាងាយស្រួលសម្រាប់អ្នកក្លែងបន្លំ ក្នុងការដាក់ការផ្សាយពាណិជ្ជកម្មក្លែងក្លាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាអ៊ីនធើណេតផ្សេងទៀត ពីព្រោះពួកគេមិនតម្រូវឲ្យស្របច្បាប់ ក្នុងការផ្ទៀងផ្ទាត់សាវតា របស់អ្នកផ្សាយពាណិជ្ជកម្មនោះឡើយ។ ក្រុមហ៊ុនយក្សអនឡាញបានរិះគន់ ចំពោះការរកប្រាក់ចំណេញពីការផ្សាយ ពាណិជ្ជកម្មប្រឆាំងនឹងការបោកប្រាស់។
របាយការណ៍នេះបានបង្ហាញ ពីអាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុ (FCA)ថា បានបង់ប្រាក់ជាង១.១ លានផោនដល់ក្រុមហ៊ុនអនឡាញ រួមទាំង Google, Twitter, TikTok និង Meta ជាម្ចាស់ Facebook និង Instagram ដូច្នេះវាអាចដាក់ការផ្សាយពាណិជ្ជកម្ម ព្រមានអំពីការបោកប្រាស់ នៅចន្លោះឆ្នាំ ២0១៩ និង ២0២១។
គណៈកម្មាធិការបាននិយាយថា វាមិនសមស្របទេដែលក្រុមហ៊ុនអនឡាញ កំពុងរកលុយបានទាំងពី អ្នកបោកប្រាស់ ដែលបង់ប្រាក់ ដើម្បីផ្សាយពាណិជ្ជកម្ម ការបោកប្រាស់របស់ពួកគេ ក៏ដូចជាពីនិយតករហិរញ្ញវត្ថុព្រមាន អំពីគុណវិបត្តិ៕ ដោយ៖លី ភីលីព