ព័ត៌មានអន្តរជាតិ

រុស្សី ចាប់ផ្តើមធ្វើសមយុទ្ធឈុតធំ មួយរយៈពេល៣ សប្តាហ៍ នៅភាគខាងត្បូង ចាប់ពីថ្ងៃអង្គារនេះ

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានរុស្សី ជាច្រើននៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រទេសរុស្សី បានចាប់ផ្តើមធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយ ដែលមានរយៈពេលរហូត ទៅដល់៣សប្តាហ៍ចាប់ពីថ្ងៃនេះ តទៅបន្ទាប់ពីការ ប្រកាសបន្តិច ដោយរដ្ឋាភិបាលក្រុងប៉ារីសថា ប្រធានាធិបតីរុស្សី នឹងមិនធ្វើសកម្មភាពថ្មីណាមួយ ក្បែរព្រំដែនអ៊ុយក្រែនទៀតឡើយ ។

សមយុទ្ធយោធា រយៈពេល៣សប្តាហ៍ លើកនេះនឹង មានការចូលរួមពីសំណាក់ ក្រុមកងកម្លាំង នៃប្រព័ន្ធបាញ់មីស៊ីល រថក្រោះច្រើនប្រភេទ រថយន្តយោធាព្រមទាំង ឧបករណ៍យោធា ជាច្រើនទៀតផងដែរ ហើយ តាមផែនការសមយុទ្ធយោធានេះ នឹងប្រព្រឹត្តទៅនៅតំបន់ ភាគខាងត្បូងនៃប្រទេស។

ទោះបីជាយ៉ាងណាក្តី រុស្សី មិនបានធ្វើការបញ្ជាក៉ទេ ថាតើសមយុទ្ធយោធានេះ មានការពាក់ព័ន្ធទៅនឹងការ បញ្ឈរជើងកងកម្លាំងយោធា របស់ខ្លួនដែលមានវត្តមាន ជាយូរមកហើយ នៅក្បែរ ព្រំដែនអ៊ុយក្រែននោះ ឬក៏យ៉ាងណានោះទេ។

គួរឲ្យដឹងដែរថា មុននេះមួយថ្ងៃប្រធានាធិបតី រុស្សី លោក Vladimir Putin ទើបតែបានជួបគ្នាជាមួយ នឹងប្រធានាធិបតីបារាំង លោក Emmanuel Macron នៅក្នុងទីក្រុងមូស្គូ ហើយរដ្ឋាភិបាល ក្រុងប៉ារីស បានប្រកាស អះអាងថា លោក Putin បានសន្យាថា នឹងមិនមានការធ្វើសកម្មភាពយោធាថ្មីៗ ណាទៀតឡើយ ចាប់ពីពេលនេះតទៅ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top