ប្រាសាទ Dhammayangyi ជាប្រាសាទព្រះពុទ្ធសាសនា ដ៏ប្រណីតមួយ នៅទីក្រុងបុរាណបាកាន ហើយក៏ជាប្រាសាទឥដ្ឋ មានរាងសាជី (ពីរ៉ាមីត) តែមួយគត់នៅមីយ៉ាន់ម៉ា។
បើទោះជាទីនោះជាប្រាសាទ ព្រះពុទ្ធសាសនា តែប្រាសាទ Dhammayangyi ត្រូវបានសាងឡើង ក្នុងមូលហេតុដ៏សោកសៅ គឺដើម្បីរំដោះកម្មពាររបស់ស្ដេច Narathu (នរាធរ) ដែលបានឡើងសោយរាជ្យ ដោយការសម្លាប់ឪពុករបស់ខ្លួន ព្រះនាម Alaungsithu។
យ៉ាងណាស្ដេច Narathu គ្រងរាជសម្បត្តិ មិនបានយូរនោះទេ គឺបានត្រឹម ៤ឆ្នាំពីចន្លោះឆ្នាំ ១១៦៧ ដល់ ១១៧១ ក៏ត្រូវ ព្រះចៅអធិការវត្តប៉ាតេកាយា (Pateikkaya) ខឹងនឹងទង្វើរបស់ទ្រង់ ដែលសម្លាប់ឪពុក ក៏បានចាត់ក្រុមឃាតករ ចំនួន៨នាក់ ដែលក្លែងខ្លួនជាហោរាព្រាហ្មណ៍ នៅឆ្នាំ ១១៧១។
អ្នកទាំង ៨នាក់បានចូលគាល់ស្តេច ដោយលាក់ដាវនៅក្រោមអាវផាយ ហើយបានធ្វើគត់ស្ដេចភ្លាមៗ។ នៅពេលដែលឆ្មាំវាំង ប្រញាប់ប្រញាល់ចូលទៅ ក្រុមឃាតកទាំងអស់គ្នា បានធ្វើអត្តឃាត សម្លាប់ខ្លួនឯង តាមក្រោយ។
ប្រវត្តិនៃការសាងសង់ប្រាសាទ Dhammayangyi បានធ្វើឲ្យទីនោះបន្សល់ទុក នូវភាពសោកសៅ និងក៏ជាភាពទាក់ទាញមួយទន្ទឹមគ្នា ដោយសារមនុស្សជាច្រើន ចង់ទៅទស្សនា ប្រាសាទដ៏ធំជាងគេមួយនេះ នៅទីក្រុងបុរាណបាកាន៕ Souce: Sabay