តាមរយៈសំណេរនៅលើបណ្ដាញសង្គម របស់តារាសម្ដែង ឆឹម សក្កដា និងតារាចម្រៀង ពេជ្រ សោភា កាលពីល្ងាចមិញ ធ្វើឲ្យអ្នកគាំទ្រយល់ថា ចំណងស្នេហាវ័យចំណាស់មួយនេះ មិនទាន់សាបសូន្យនៅឡើយទេ។ ទន្ទឹមនឹងផ្ទុះការសង្ស័យនេះ ក៏មានអ្នកគាំទ្រមួយចំនួនបង្ហាញអារម្មណ៍ ឈឺចាប់ជំនួសតារាទាំងពីរដួងដែរ ហើយទទួចឲ្យអ្នកទាំងពីរ ត្រូវរ៉ូវគ្នាវិញ។
នៅថ្ងៃ១៤ កុម្ភៈ ត្រូវនឹងថ្ងៃទិវា នៃក្ដីស្រឡាញ់ លោក ឆឹម សក្កដា បាននិយាយថា៖ “ឆ្នាំនេះ ខុសឆ្នាំមុន! សុំជូនផ្កាពីចម្ងាយ ហើយសង្ឃឹមថា អ្នកនឹងមានតែស្នាមញញឹម”។ ភ្ជាប់ជាមួយនឹងសារមួយនេះ លោកក៏បង្ហាញរូបថត១សន្លឹក ដែលមានរូបលោកតែម្នាក់ឯង កាន់ផ្កាកូលាបពណ៌ក្រហម ហុចជូនអតីតសង្សារពីចម្ងាយ ក្នុងទឹកមុខញញឹមស្ងួត។
ការបង្ហាញទឹកមុខ និងសម្ដីរបស់លោក ឆឹម សក្កដា នេះ បានធ្វើឲ្យអ្នកគាំទ្រ ទទួចឲ្យលោកត្រូវរ៉ូវគ្នាវិញ ជាមួយអតីតសង្សារ គឺអ្នកនាង ពេជ្រ សោភា ខណៈអ្នកគាំទ្រខ្លះនិយាយថា៖ “ខ្ញុំឃើញអនុស្សាវរីយ៍បង ហើយនិង បងភា ពិតជាអស្ចារ្យណាស់ មិនគួរឲ្យជឿសោះ ថាបងបែកគ្នា”។
ចំថ្ងៃទិវា នៃក្រីស្រឡាញ់នេះដែរ តារាចម្រៀងស្រី ពេជ្រ សោភា ក៏បង្ហើបថា អ្នកនាងទទួលបានបាច់ផ្កាចំនួន៣ ដោយក្ដីគោរពស្រឡាញ់ ប៉ុន្ដែចម្លែកគ្រប់បាច់ផ្កា ពុំមានដាក់ឈ្មោះម្ចាស់សោះ។ ទន្ទឹមគ្នានេះ ពេជ្រ សោភា ក៏បានចេញMV មនោសញ្ចេតនា១បទ គឺបទ “ខ្ញុំធ្វើយ៉ាងណាទៅ?”។ បទនេះបង្ហាញពីទុក្ខសោក ក្រោយស្នេហាបែកបាក់ ដែលជាស្នាដៃនិពន្ធទំនុកច្រៀង និងបទភ្លេង ដោយអ្នកនាងផ្ទាល់តែម្ដង។
តាមរយៈMV និងសារមួយចំនួនដែល ពេជ្រ សោភា បានបង្ហោះនៅចំថ្ងៃទិវា នៃក្ដីស្រឡាញ់ មហាជនបានចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកខ្លះចូលទៅសួរថា នេះជាអារម្មណ៍អ្វី? ហើយខ្លះនិយាយថា ខ្លាចជួបអារម្មណ៍បែបនេះ? ភ្លាមៗ សោភា ក៏ចូលទៅឆ្លើយតបវិញថា៖ “ឈឺណាស់ អារម្មណ៍នេះ” ប៉ុន្ដែនាងមិនបានបញ្ជាក់ថា អត្ថន័យនៅក្នុងបទចម្រៀងមួយនេះ បង្ហាញពីស្នេហាពិតរបស់អ្នកនាងផ្ទាល់ ឬយ៉ាងណានោះទេ៕ Source: Sabay