បរទេស៖ រដ្ឋាភិបាលទីក្រុង Minsk បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសបេឡារុស និងរុស្ស៊ីបានសម្រេចចិត្ត ពង្រីករយៈពេលនៃសមយុទ្ធរួមគ្នា របស់ប្រទេសទាំងពីរ “ដោយសារតែការកើនឡើង នៃសកម្មភាពយោធា” នៅជិតព្រំដែននៃប្រទេសបេឡារុស និងរុស្ស៊ី ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នារុស្ស៊ី-បេឡារុស្ស ដែលមានឈ្មោះថា ‘Union Resolve’ បានចាប់ផ្តើមនៅថ្ងៃទី ១០ ខែកុម្ភៈ ហើយតាមគម្រោង គឺបញ្ចប់នៅថ្ងៃអាទិត្យ។ សមយុទ្ធនេះគេឃើញទាហានរាប់ពាន់នាក់ មកពីប្រទេសទាំងពីរប្រមូលផ្តុំគ្នា ក្នុងប្រទេសបេឡារុស ដើម្បីអនុវត្តសមយុទ្ធវាយលុក។
ទោះជាយ៉ាងណាក៏ដោយ អ្នកនយោបាយលោកខាងលិចជាច្រើន បានលើកឡើងថា នេះគ្រាន់តែជាលេសដើម្បីប្រមូលផ្តុំ កងទ័ពនៅជិតព្រំដែនអ៊ុយក្រែន មុនពេលការឈ្លានពានដ៏មានសក្តានុពល។ ទាំងទីក្រុង Minsk និងទីក្រុងមូស្គូ បានបដិសេធផែនការវាយប្រហារ។
រដ្ឋមន្ត្រីការពារជាតិបេឡារុស លោក Viktor Khrenin បាននិយាយថា “ដោយសារតែការកើនឡើង នៃសកម្មភាពយោធា នៅជិតព្រំដែនខាងក្រៅ នៃរដ្ឋសហភាព និងការធ្វើឱ្យស្ថានការណ៍ កាន់តែធ្ងន់ធ្ងរនៅតំបន់ Donbas ប្រធានាធិបតី នៃប្រទេសបេឡារុស្ស និងរុស្ស៊ី បានសម្រេចចិត្តបន្តការត្រួតពិនិត្យ កងកម្លាំងឆ្លើយតបរបស់រដ្ឋសហភាព” ។
យោងតាមលោក Khrenin ពេលនេះ យោធារុស្ស៊ី និងបេឡារុស្ស នឹងចាប់ផ្តើមអនុវត្ត សមយុទ្ធការពារ នៅក្នុងអ្វីដែលលោកហៅថា ជាការឆ្លើយតប ចំពោះការអភិវឌ្ឍន៍យោធាថ្មី នៅអ៊ុយក្រែន និងការដាក់កងទ័ពណាតូបន្ថែមទៀត នៅជិតព្រំដែន៕ ប្រែសម្រួលៈ ណៃ តុលា