បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រសិនបើលោកខាងលិច ពិតជាចង់ជួយក្រុងគៀវ ក្នុងការប្រឈមមុខដាក់គ្នា ជាមួយទីក្រុងមូស្គូមែន វាគួរតែចៀសវាងការស្មានថា តើនៅពេលណា ឬប្រសិនបើកងកម្លាំងប្រដាប់អាវុធ របស់រុស្ស៊ី អាចចាប់ផ្តើមវាយលុក នៅតាមព្រំដែន ដើម្បីធ្វើសង្គ្រាម ជាមួយប្រទេសនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងកាលពីថ្ងៃសៅរ៍ នៅឯសន្និសិទសន្តិសុខទីក្រុង Munich លោក Zelensky បានដាក់ចេញនូវទស្សនៈរបស់គាត់ លើការព្យាករណ៍ដែលពណ៌នាថា ការលុកលុយយ៉ាងពេញលេញ អាចនឹងកើតមាន។
លោកបានទទូចថា “ដើម្បីជួយអ៊ុយក្រែន មិនចាំបាច់និយាយឥតឈប់ឈរ អំពីកាលបរិច្ឆេទនៃការលុកលុយ ដែលអាចកើតមាននោះទេ” និងថា ទីក្រុងគៀវកំពុង “ចាប់ផ្តើមការពិគ្រោះយោបល់ នៅក្នុងក្របខ័ណ្ឌ នៃអនុស្សរណៈ Budapest” ។
យោងតាមប្រធានាធិបតី អ៊ុយក្រែននឹងការពារទឹកដីរបស់ខ្លួន “ដោយមានឬគ្មាន” ការគាំទ្រពីដៃគូរបស់ខ្លួន។ លោកបានបន្ថែមថា “នៅតំបន់ Crimea និងទឹកដីដែលកាន់កាប់របស់ Donbass នឹងត្រលប់ទៅអ៊ុយក្រែនវិញ ដោយមធ្យោបាយសន្តិភាពតែប៉ុណ្ណោះ” ៕ ប្រែសម្រួលៈ ណៃ តុលា