ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ីរ៉ង់ ជំរុញ ឲ្យមានការតស៊ូ ជាអន្ដរជាតិ ប្រឆាំង នឹងទណ្ឌកម្ម ដ៏ ឃោរឃៅរបស់ អាមេរិក

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានជំរុញសហគមន៍អន្តរជាតិឱ្យទប់ទល់នឹង “ទណ្ឌកម្មដ៏ឃោរឃៅ” ឯកតោភាគីរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងឧស្សាហកម្មប្រេង និងឧស្ម័នរបស់ប្រទេសដទៃទៀត នេះបើយោងតាមគេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល លើកទី៦ នៃវេទិកាប្រទេសនាំចេញឧស្ម័ន (GECF) ដែលមានសមាជិកចំនួន ១១ប្រទេស នៅទីក្រុងដូហា លោក Raisi បានកត់សម្គាល់ថា ការដាក់ឆន្ទៈអនុត្តរភាព និង ការទាមទារលើរដ្ឋឯករាជ្យផ្សេងទៀត តាមរយៈការដាក់ទណ្ឌកម្ម មិនអាចជាយុទ្ធសាស្ត្រ ដ៏មានប្រសិទ្ធភាពមួយ នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ សមាជិក GECF ។

អ៊ីរ៉ង់ ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមម្ចាស់ទុនបំរុងឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ពិភពលោក មានសមត្ថភាពផលិត ផ្ទេរ និងនាំចេញផលិតផល អ៊ីដ្រូកាបូន ហើយព្យាយាមដើរតួនាទីកាន់តែធំក្នុងការធានាសន្តិសុខ ថាមពលពិភពលោក ដោយការពង្រីកកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយប្រទេសជិតខាង និងប្រទេសផ្សេងៗទៀត ។

លោក Raisi បានបន្ថែមថា យុទ្ធសាស្ត្រក្នុងតំបន់ របស់អ៊ីរ៉ង់ គឺផ្អែកលើការបង្កើនការផលិត និងការនាំចេញឧស្ម័ន និងការផ្តល់ឱ្យប្រទេស ក្នុងតំបន់នូវលទ្ធភាពទទួល បានអតិបរមានូវឥន្ធនៈស្អាត។

ប្រធានាធិបតីអ៊ីរ៉ង់ បានអំពាវនាវឱ្យសហគមន៍ អន្តរជាតិគាំទ្រគំនិតផ្តួចផ្តើមពហុភាគី ដែលមានគោលបំណងធានាសន្តិសុខ នៃការផ្គត់ផ្គង់ថាមពលប្រកបដោយនិរន្តរភាព និង ការការពារបរិស្ថាន៕

ដោយ ឈូក បូរ៉ា

Most Popular

To Top