សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia (CNA)បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីមួយ ត្រូវបានទទួលបាន នៅក្នុងទឹកដីសិង្ហបុរី នៅថ្ងៃសុក្រនេះ បន្ទាប់ពីមានគ្រោះរញ្ជួយដី នៅកោះស៊ូម៉ាត្រា បានកើតឡើង ។
នៅម៉ោងប្រហែល៩និង៤០ព្រឹក មានគេរាយការណ៍ថា មានអារម្មណ៍ញ័រពីទីតាំងជាច្រើន នៅទូទាំងកោះ រួមមាន Punggol, Simei, Redhill, Queensway, Ang Mo Kio និង Kallang ។
អ្នកអានព័ត៌មានរបស់ទូរទស្សន៍ CNA ក៏បាននិយាយផងដែរថា ពួកគេមានអារម្មណ៍ញ័រ នៅក្នុង Bugis, River Valley និង Choa Chu Kang ។
ជាការឆ្លើយតបទៅនឹងសំណួរ របស់ទូរទស្សន៍ CNA ទីភ្នាក់ងារបរិស្ថានជាតិ (NEA) បានលើកឡើងថា ការរញ្ជួយត្រូវបានគេរកឃើញ បន្ទាប់ព ការរញ្ជួយដីកម្រិត៦.០រ៉ិចទ័រ នៅកោះស៊ូម៉ាត្រាខាងជើង។
យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារនៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី នៅម៉ោងប្រហែល ៨និង៣៩នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ៩.៣៩នាទីព្រឹក ម៉ោងនៅប្រទេសសិង្ហបុរី ។
ទីភ្នាក់ងារភូគព្ភសាស្ត្រ ហៅកាត់ BMKG របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងនៅក្នុងសារ នៅលើបណ្តាញសង្គម Twitter ថា ចំណុចកណ្តាល នៃការរញ្ជួយដីគឺនៅលើដី ហើយមិនបានចេញការព្រមាន អំពីរលកយក្សស៊ូណាមិនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា