ព័ត៌មានអន្តរជាតិ

វិបត្តិនៅអ៊ុយក្រែន ជាការធ្វើតេស្ត ភាពជាដៃគូ​ រវាងចិន និងរុស្ស៊ី

បទេស៖ ការបង្កើនយោធារបស់រុស្ស៊ី នៅតាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយប្រទេសអ៊ុយក្រែន កំពុងសាកល្បងលទ្ធភាព នៃខ្សែអ័ក្សរវាងរដ្ឋាភិបាល ទីក្រុងម៉ូស្គូ-ប៉េកាំង តម្រង់ប្រឆាំងនឹងអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។

យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ជំនួបរបស់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយសមភាគីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ក្នុងខែនេះ បានជំរុញឱ្យមានការរំពឹងទុកថា សម្ព័ន្ធភាពថ្មីអាចបង្កើតបាន រវាងមហាអំណាចទាំងពីរ នៅពេលពួកគេប្រឈមមុខ ជាមួយសហរដ្ឋអាមេរិក លើវិសាលភាពនៃបញ្ហា។

រុស្ស៊ី និងចិនបានគាំទ្រ ជំហររបស់គ្នាទៅវិញទៅមក លើការប្រឆាំង នឹងការពង្រីកអង្គការណាតូ នៅក្នុងអតីតសាធារណរដ្ឋសូវៀត និងសង្កត់ធ្ងន់លើការទាមទាររបស់ចិន ចំពោះកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង។ ប៉ុន្តែទំនាក់ទំនងនៅតែមានភាពរអាក់រអួល។ ការកើនឡើងនូវទំនុកចិត្ត របស់ប្រទេសចិន ក្នុងនាមជាកម្លាំងសេដ្ឋកិច្ច និងនយោបាយ ផ្ទុយទៅនឹងភាពឯកោ ដែលកំពុងកើនឡើងរបស់រុស្ស៊ី និងងាកទៅរកយុទ្ធសាស្ត្រ នៃសង្រ្គាមត្រជាក់ នៃការបំភិតបំភ័យ និងការសម្លុត។

ចិនក៏នៅតែប្រឆាំងនឹងសកម្មភាព ដែលអាចបំផ្លាញមហិច្ឆតាទឹកដីរបស់ខ្លួន ចាប់ពីសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់រហូតដល់ព្រំដែនឥណ្ឌា។ ចិនមិនបានរិះគន់រុស្ស៊ី ជុំវិញទង្វើរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែនទេ ហើយបានចូលរួម ក្នុងការវាយប្រហារដោយពាក្យសំដី លើក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តថែមទៀត។

ថ្លែងទៅកាន់សន្និសីទសន្តិសុខទីក្រុង Munich កាលពីចុងសប្តាហ៍ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានរិះគន់សហរដ្ឋអាមេរិក ដោយចោទប្រកាន់ថា ជា “អំណាចជាក់លាក់មួយ” នៃ “ការបំផុសគំនិតប្រឆាំង” ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការឆ្លើយតប ទៅនឹងសំណួររបស់ប្រធានសន្និសីទ លោក Wolfgang Ischinger លោក Wang បាននិយាយថា “អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី នៃប្រទេសណាមួយ គួរតែត្រូវបានគោរព និងការពារ ពីព្រោះនេះគឺជាបទដ្ឋាន ជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ”។

លោក Wang បានបន្ថែមថា “អ៊ុយក្រែនគឺមិនមានករណី លើកលែងនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top