បច្ចេកវិទ្យា

Honda និង Sony ត្រៀម​ធ្វើព្យុះ​ធ្វើភ្លៀង​​​ ក្នុង​ពិភព​រថយន្ត​អគ្គិសនី

Honda បាន​ចុះ MoU ជាមួយ​ Sony ដើម្បី​បង្កើត​ក្រុមហ៊ុនថ្មីរួមគ្នា​មួយ នៅឆ្នាំ​២០២២នេះ ក្នុង​ការ​ស្រាវជ្រាវ​អភិវឌ្ឍ ផលិត​ និង​លក់​រថយន្ត​អគ្គិសនី។ រថយន្ត​អគ្គិសនី​ដំបូង ត្រូវបាន​រំពឹងថា នឹង​បញ្ចេញ​លក់​នៅលើទីផ្សារ​ត្រឹមឆ្នាំ​២០២៥។

សម្ព័ន្ធភាព​រវាង​ក្រុមហ៊ុនទាំង​ពីរ គឺ​នឹង​ប្រើប្រាស់​សមត្ថភាព ​ផលិត​រថយន្ត​របស់ Honda ដូច​ជាការផលិត​តួខ្លួន ការឌីហ្សាញ និង​ការអភិវឌ្ឍ​គំរូ​ផលិតកម្ម។ ចំណែក​ Sony នឹង​ប្រើជំនាញ​របស់ខ្លួន​ចូលរួម​ដូចជា បច្ចេកវិទ្យារូបភាព, សេនស័រ, ទូរគមនាគមន៍, បណ្តាញ និង​បច្ចេកវិទ្យា​ប្រព័ន្ធកម្សាន្ត។

គួរបញ្ជាក់​ថា Sony បាន​ប្រកាស​បង្កើត​ Sony Mobility Inc ក្នុងឆ្នាំ​២០២២នេះ ដែលមាន​គោលដៅចូល​ក្នុងទីផ្សារ​រថយន្ត​អគ្គិសនី និង​ស្រាវជ្រាវ​រកដៃគូ ពិសេស​គឺ​បានរកឃើញ​ថា Honda គឺ​ជាដៃគូ​ដ៏ល្អបំផុត។

ឯខាង Honda វិញ លើកឡើងថា ក្រុមហ៊ុនបង្កើតថ្មីរួមគ្នា ​នឹង​នាំមុខ​លើការ​ច្នៃប្រឌិត បដិវត្តន៍ និង​ការពង្រីក​យានយន្ត​នៅជុំវិញ​ពិភពលោក។ ត្បិតថា Sony និង​ Honda មាន​ភាព​ស្រដៀង​គ្នា​លើវប្បធម៌ និងប្រវត្តិសាស្រ្ត ប៉ុន្តែជំនាញ​បច្ចេកវិទ្យា គឺខុសគ្នាដាច់ ដូច្នេះ​កិច្ចសហការ​នេះ នឹង​នាំមក​ភាពខ្លាំង​ សម្រាប់​រថយន្ត​អនាគត។

គួររំលឹក​ថា កាលពី​ខែមករាកន្លងទៅ ក្រុមហ៊ុន Sony បាន​បង្ហាញ​ចេញ​រថយន្តអគ្គិសនី​មួយ​ជាប្រភេទ SUV គឺ​ម៉ូដែល Vision-S 02។ រថយន្តនេះ បំពាក់​ម៉ូទ័រ​អគ្គិសនី២ រត់ប៉ុង២ ផលិតបាន​កម្លាំង ៥៣៦សេះ អាច​ជាន់កប់​ដល់​ល្បឿន ១៨០គីឡូម៉ែត្រ​ក្នុង១ម៉ោង។

Sony ​បាន​ដាក់​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​ លើ​រថយន្តរបស់ខ្លួន ដោយបាន​បំពាក់​សេនស័រ​ ជុំវិញ​រថយន្ត​ដូចជា high-sensitivity, high-resolution, wide dynamic range CMOS និងជាពិសេសបច្ចេកវិទ្យា LiDAR។ បច្ចុប្បន្ន​ Sony កំពុង​ធ្វើតេស្ត​នៅអឺរ៉ុប ដើម្បី​ត្រៀម​ចេញ​ជាផ្លូវការ​ នូវប្រព័ន្ធ​ជំនួយ​អ្នកបើកបរ​ Level 2+ នៅ​លើផ្លូវសាធារណៈ៕ Source: Sabay

Most Popular

To Top