កាហ្វេត្រូវបានគេចាត់ទុក ជាប្រភេទភេសជ្ជ:ផ្តល់ ថាមពលមួយប្រភេទ ប៉ុន្តែប្រសិនបើមានការប្រើប្រាស់ ច្រើនហួសអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់សុខភាពទៅវិញ។
បើយោងតាមការផ្តល់អនុសាសន៍ របស់អ្នកជំនាញផ្នែកសុខភាព បារាំង បានបង្ហាញថា ការញ៉ាំកាហ្វេក្នុងមួយថ្ងៃមិនគួរច្រើនជាង ៣-៤ ពែង ឬ៤០០ មីលីក្រាមនៃជាតិកាហ្វេអ៊ីនឡើយ។
ខាងក្រោមនេះជាសញ្ញាព្រមាន មួយចំនួនដែលអ្នកគួរតែ ផ្អាកការញ៉ាំកាហ្វេភ្លាម៖
ញ័រទ្រូង, ថប់អារម្មណ៍
ការទទួលទានជាតិកាហ្វេអ៊ីន ច្រើនពេកអាចប៉ះពាល់ដល់ ប្រព័ន្ធសសៃប្រសាទកណ្តោល បណ្តោលឲ្យអ្នកមានបញ្ហាថប់អារម្មណ៍, ញ័រទ្រូង ឬមានបញ្ហាចង្វាក់បេះដូង។
ឈឺពោះ, ជំងឺរាគរួស
ពេលខ្លះអ្នកទទួលទានកាហ្វេលើសពី ២-៣ ពែងក្នុងមួយថ្ងៃក៏អាចបណ្តោលឲ្យ មានបញ្ហាឈឺពោះ ឬរោគដែរ។ ដូច្នេះបើឃើញរោគសញ្ញាមួយនេះ អ្នកមិនគួរបរិភោគកាហ្វេ បន្តទៀតឡើយ។
គេងមិនលក់
អ្នកអាចមានបញ្ហាគេងមិនលក់ ឬឧស្សាហ៍ភ្ញាក់នៅពេលយប់ គឺដោយសារតែការទទួលទាន ជាតិកាហ្វេអ៊ីនច្រើនពេក។
ឈឺក្បាល
ការទទួលទានកាហ្វេ បរិមាណមធ្យមអាចជួយកាត់បន្ថយ ជំងឺឈឺក្បាលប្រកាំង (ឈឺមួយចំហៀងក្បាល), ឈឺក្បាល… ប៉ុន្តែនៅពេលដែលជាតិកាហ្វេអ៊ីនលើសពី ៤០០-៥០០ មីលីក្រាមក្នុងមួយថ្ងៃ អាចបណ្តោលឲ្យអស់កម្លាំង និងឈឺក្បាលទៅវិញ។ អ្នកអាចទទួលទានភេសជ្ជ:ផ្សេង ជំនួសកាហ្វេបាន ដូចជា តែ ឬភេសជ្ជ:ប៊ូវកម្លាំង ប៉ុន្តែកុំទទួលទានច្រើនពេក៕