បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ថា ធនាគារពិភពលោកបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន នឹងធ្លាក់ចុះជិតពាក់កណ្តាល ក្នុងឆ្នាំនេះ ដោយសារតែសង្រ្គាម ។
លោក Anna Bjerde អនុប្រធានធនាគារ បានលើកឡើងថា អ៊ុយក្រែនត្រូវការ “ការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំជាបន្ទាន់” ។
លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ថ្លែងថា រុស្ស៊ី ខ្លាចទទួលស្គាល់កំហុស គឺ “កំសាក” ។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Mykhaylo Podolyak បានប្រាប់ដល់ទូរទស្សន៍ជាតិថា “អ៊ុយក្រែនត្រៀមខ្លួនជាស្រេចសម្រាប់សមរភូមិដ៏ធំ” ប្រឆាំងនឹងរុស្ស៊ី ។
គាត់បានលើកឡើងថា អ៊ុយក្រែនត្រូវតែវាយឲ្យថយក្រោយ នូវកងកម្លាំងរបស់ទីក្រុងម៉ូស្គូ សម្រាប់អំណាចចរចាបន្ថែមទៀតមុនពេលមេដឹកនាំអាចជួបគ្នា ។
សាកសពមនុស្សជាង១.២០០នាក់ត្រូវបានរកឃើញនៅក្នុងតំបន់ គៀវ ។ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនបានឲ្យដឹងដូច្នេះ ។
លោក Iryna Venediktova បានលើកឡើងថា កងកម្លាំងរុស្ស៊ី បានសម្លាប់ជនជាតិអ៊ុយក្រែនជារៀងរាល់ថ្ងៃ ប៉ុន្តែរុស្ស៊ីបដិសេធមិន កំណត់គោលដៅលើជន ស៊ីវិលនោះទេ ។
មានការវាយប្រហាររបស់រុស្ស៊ី បន្ថែមទៀតនៅភាគខាងកើត និងខាងត្បូងនៃប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា