ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​មួយ​រូប​របស់​ Trump ស្រក​ទម្ងន់​អស់​ ៤០គីឡូ​ក្រោយ​ចាកចេញ​​ពី​តំណែង​

លោក​ Mike Pompeo ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ក្រោម​រដ្ឋបាល​អតីត​ប្រធានាធិបតី​អាមេរិក​ Donald Trump បាន​ស្រក​ទម្ងន់​ជិត​ ៤០គីឡូ​ ក្រោយចាកចេញ​ពី​តំណែង​​។

រូប​រាង​របស់​លោក​ប្រែប្រួល​ពី​ធាត់​ទៅ​ស្គម​នេះ​ ត្រូវ​បាន​គេ​ចែកចាយ​ពាស​ពេញ​បណ្ដាញ​សង្គម​ ដោយ​មតិ​មួយ​ចំនួន​មិន​ជឿ​នឹង​រូប​ភាព​មួយ​នេះ​ និង​មួយ​ចំនួន​ទៀត​ថា​លោក​មាន​ស្រក​ទម្ងន់​ដោយ​សារ​តែ​ជំងឺ​។

យ៉ាង​ណា​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ​ក៏​បកស្រាយ​ដោយ​បាន​ធ្វើ​ការ​សម្ភាសន៍​តាម​រយៈ​ទូរស័ព្ទ​ជា​មួយ​នឹង​សារព័ត៌មាន​ Fox News Digital កាល​ពី​ថ្ងៃ​សៅរ៍​ កន្លង​ទៅ​នេះ​ថា​ លោក​បាន​ស្រក​ទម្ងន់​៩០ផោន​ (ប្រមាណ៤០គីឡូ​ក្រាម​) ក្នុង​រយៈពេល​៦ខែ​បន្ទាប់​ពី​លោក​បាន​អស់​តំណែង​ ក្រោយ​គណបក្ស​របស់​លោក​បាន​ចាញ់​ឆ្នោត​​។

វិធី​នៃ​ការ​សម្រក​ទម្ងន់​របស់​លោក​គឺ​លោក​បាន​រៀប​ចំ​ដោយ​ខ្លួន​ឯង​មិន​បាន​ជួល​អ្នក​ជំនាញ​ឡើយ​។ វិធី​របស់​លោក​តាម​រយៈ​បង្រួម​របប​អាហារ​ឲ្យ​តូច​ ​កាត់​បន្ថយ​អាហារ​ដែល​ងាយ​ធ្វើ​ឲ្យ​ធាត់​ ​និង​ ហាត់ប្រាណ​នៅ​ផ្ទះ​លោក​សឹង​តែ​រៀងរាល់​ថ្ងៃ​តែ​ម្ដង​ ដោយ​លោក​មិន​បាន​ទៅ​វះ​កាត់​បញ្ចុះ​ទម្ងន់​ឡើយ​។

ទោះ​ជា​បកស្រាយ​យ៉ាង​ណា​ក៏​ដោយ​នៅ​តែ​មាន​មតិ​ ក៏​ដូច​ជា​អ្នក​ជំនាញ​មួយ​ចំនួន​មិន​ជឿ​លើ​លើ​​វិធី​ដែល​លោក​អនុវត្ត​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​សម្រាប់​អតីត​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ស្រក​ទម្ងន់​ដោយ​កន្លង​ទៅ​ក៏​មាន​អតីត​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​​បាន​ធ្វើ​ការ​សម្រក​ទម្ងន់​បែប​នេះ​ផង​ដែរ​តាមរយៈ​ ហាត់​ប្រាណ​ កាត់​បន្ថយ​របប​អាហារ និង​វះកាត់​ជា​ដើម​ក្រោយ​ចាកចេញ​ពី​តំណែង​ ដែល​ធ្វើ​ឲ្យ​​ពួក​គេ​មាន​ពេលវេលា​គ្រប់​គ្រាន់​ដើម្បី​មើល​ថែ​សុខភាព​៕​

ប្រភព៖sabay

Most Popular

To Top