Event

បណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា (CADT) និង Cellcard រៀបចំកម្មវិធី សន្និសិទអ្នកអភិវឌ្ឍន៍ឆឆកម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេនៅកម្ពុជា

ភ្នំពេញ – ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ នៅក្នុងកម្មវិធី សន្និសិទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេ នៅកម្ពុជា ដែលរៀបចំដោយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) គឺបានឧបត្ថម្ភធំពីក្រុមហ៊ុន Cellcard ។ ព្រឹត្តិការណ៍រយៈពេល 2 ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃនេះតទៅ ចាប់ពីម៉ោង ៨:៣០ ព្រឹក ដល់ ៥:០០ រសៀល នៅមជ្ឈមណ្ឌលនវានុវត្ដន៍ឌីជីថល (Innovation Center) នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលបម្រើជាវេទិកាចែករំលែកចំណេះដឹង ដើម្បីជួយផ្តល់ការយល់ដឹង និងឱកាសនៅដ៏ធំទូលាយ នៃបច្ចេកវិទ្យាឌីជីថលថ្មី ក្នុងគោលបំណងលើកកម្ពស់ ចំណេះដឹង និងសមត្ថភាពឌីជីថលរបស់កម្ពុជា។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកសរសេរកូដ អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា ទេពកោសល្យឌីជីថល និងសិស្សានុសិស្សជាង 1,000 នាក់ ដើម្បីចូលរួមក្នុងបទបង្ហាញ ការពិភាក្សា និងវេទិកាជាបន្តបន្ទាប់ ដែលលើកទឹកចិត្តឱ្យមានការសន្ទនា និងជំរុញកិច្ចសហការ ជាពិសេសក្នុងចំណោមយុវជនឌីជីថល ដែលកំពុងរីកចម្រើនរបស់កម្ពុជា។ សកម្មភាពផ្សេងទៀតរួមមានថ្នាក់ master class សិក្ខាសាលាកម្មវិធីទំនាក់ទំនងជាបណ្តាញ វគ្គ Hackathons និងការតាំងពិព័រណ៍ មនុស្សយន្ត និងសិល្បៈឌីជីថល ។

ក្នុងនាមជាក្រុមហ៊ុនឧបត្ថម្ភធំ សែលកាតបាននឹងកំពុងចូលរួមយ៉ាងសកម្ម នៅក្នុងព្រឹត្តិការណ៍នេះ តាមរយៈសុន្ទរកថាសំខាន់ៗ សិក្ខាសាលា និងការពិភាក្សាជាក្រុម ដែលមានការចូលរួមពីថ្នាក់គ្រង់គ្រងជាន់ខ្ពស់ របស់សែលកាត អ្នកជំនាញបច្ចេកវិទ្យា ក៏ដូចជាតំណាង មកពីដៃគូរបស់សែលកាតគឺ មជ្ឈមណ្ឌលSabaiCode ។ កម្មវិធីនេះត្រូវបានធ្វើឡើង ពេញមួយព្រឹត្តិការណ៍ រយៈពេល 2 ថ្ងៃ ទាំងនៅក្នុងវេទិកា Digital Business Stage និង Developer Stage ។

លោកបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានមានប្រសាសន៏ថា យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលមានសែលកាតជាអ្នកឧបត្ថម្ភធំ និងជាក្រុមហ៊ុនចូលរួមចំណែក ដើម្បីឱ្យកម្មវិធី CODE-C បានដំណើរការយ៉ាងរលូន ។ កិច្ចការនេះគឺលើសពីការឧបត្ថម្ភទៅទៀត ដោយក្រុមហ៊ុនបានចូលរួម នៅក្នុងព្រឹត្តិការណ៍នេះក្នុងនាមជាវាគ្មិន និង កិច្ចពិភាក្សា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ យើងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការគាំទ្ររបស់ក្រុមហ៊ុន នៅក្នុងកម្មវិធីរបស់យើង ហើយទន្ទឹងរង់ចាំវគ្គជាច្រើនទៀត ជាមួយក្រុមការងារសែលកាត ក្នុងអំឡុងពេលថ្ងៃស្អែក។

ថ្ងៃនេះដែរ នៅក្នុងវេទិកា Digital Business Stage របស់កម្មវិធី CODE-C ក៍មានវត្តមានប្រធានផ្នែកព័ត៌មាន របស់សែលកាត គឺលោក លឹម សុខសុផៃ ធ្វើបទបង្ហាញអំពីគន្លឹះ នៃការចែករំលែកពីរបៀប ដែលសែលកាតប្រើប្រាស់ទិន្នន័យ ដើម្បីផ្តល់ជួយពន្លឿនដល់អាជីវកម្ម ខណៈដែលលោក Yoshi Matsuoka ជាប្រធានផ្នែកឌីជីថល របស់សែលកាត បានធ្វើបទបង្ហាញសំខាន់មួយ នៅលើប្រធានបទ web3។

ព្រឹត្តិការណ៍នេះក៏បានឃើញការចូលរួម របស់សែលកាតនៅក្នុងកម្មវិធី Hackathon របស់កម្មវិធី CODE-C ផងដែរ ដែលមានឈ្មោះថា IoT Makerthon ដែលប្រមូលផ្តុំអ្នកច្នៃប្រឌិត និងអ្នកជំនាញវ័យក្មេងជាង 40 នាក់ ដើម្បីបង្កើតគំនិតលើដំណោះស្រាយ IoT សម្រាប់អគារឆ្លាតវៃ។ អ្នកឈ្នះចំនួន 15 នាក់ ក៏ទទួលបានរង្វាន់ ជាមួយនឹងគម្រោងអ៊ីនធឺណេត រយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ ពីសែលកាតផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Simon Perkins បានមានប្រសាសន៍ថា ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ ពួកយើងជាអ្នកដែលស្វែងរកចំណេះដឹងផ្នែកឌីជីថល និងការធ្វើឌីជីថលភាវូបនីយកម្ម ហើយវាជាសេចក្តីរីករាយរបស់យើង ក្នុងការគាំទ្រ CADT ក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធី សន្និសិទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យា ដោយនាំមកនូវ ការប្រមូលផ្តុំជាច្រើន នៃអ្នកជំនាញផ្នែកឧស្សាហកម្ម និងប្រធានបទ ព្រមទាំងគំនិតវ័យក្មេង ដើម្បីចូលរួមនៅក្នុង វេទិកាចែករំលែកចំណេះដឹងនេះ យើងមើលឃើញថា បច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ ចិញ្ចឹមបីបាច់ និងលើកកំពស់ទេពកោសល្យ សហគ្រិន និងធុរកិច្ចជំនាន់ថ្មី ហើយក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរដែលបំរើទីផ្សារអស់ រយៈពេលជាង 25 ឆ្នាំមកហើយ យើងមានមោទនភាពក្នុងការ រួមចំណែកដល់ការពិភាក្សាអំពីបទពិសោធន៍រួមរបស់យើង និងជំនាញរបស់ប្រជាជនយើង។

ក្នុងរយៈពេល 2 ថ្ងៃនៃព្រឹត្តិការណ៍នេះ សែលកាតកំពុងបង្ហាញផលិតផលឌីជីថលថ្មី ចំនួនពីរគឺ Playgame Cloud ដែលជាវេទិកាលេងហ្គេមដំបូងគេ របស់ប្រទេសកម្ពុជា ក៏ដូចជាផលិតផល Cellcard One ដែលជាដំណោះស្រាយ ការតភ្ជាប់ពេញលេញដែលរួមបញ្ចូលគ្នានូវ wifi និងការចូលប្រើទិន្នន័យចល័ត។ ព័ត៌មាន និងការបង្ហាញផលិតផលទាំងនេះ មាននៅស្តង់ Cellcard ដែលមានទីតាំងនៅ មជ្ឈមណ្ឌលនវានុវត្ដន៍ឌីជីថល។

កម្មវិធី CODE-C ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី 17 និង 18 ខែមិថុនា នៅមជ្ឈមណ្ឌលនវានុវត្ដន៍ឌីជីថល ។
ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

Most Popular

To Top