បរទេស៖ ប្រធានប្លុកយោធាណាតូ គឺ លោក Jens Stoltenberg បានប្រាប់កាសែត Bild របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសៅរ៍ថា អង្គការណាតូគ្រោងនឹងប្រកាសទីក្រុងម៉ូស្គូជា “ការគំរាមកំហែងដល់សន្តិសុខរបស់យើង” ជាជាង “ដៃគូ” នៅក្នុងគំនិតយុទ្ធសាស្ត្រថ្មីរបស់ខ្លួន។ លោកបានបន្ថែមថា ណាតូ ក៏នឹងបន្តផ្តល់អាវុធដល់អ៊ុយក្រែនផងដែរ ប្រសិនបើចាំបាច់ជាច្រើនឆ្នាំ ក្នុងក្តីសង្ឃឹមថានឹងអាចឱ្យអ៊ុយក្រែនអាចបណ្តេញកងទ័ពរុស្ស៊ីចេញពីតំបន់ Donbass ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Stoltenberg ថា សមាជិកនៃប្លុកយោធាត្រូវតែរៀបចំសម្រាប់លទ្ធភាពដែលជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ នឹងអូសបន្លាយពេលជាច្រើនឆ្នាំទៀត។
លោក Stoltenberg បន្ថែមថា លោកខាងលិចមិនគួរបញ្ឈប់ការបំពាក់អាវុធដល់អ៊ុយក្រែនទេ បើទោះជាការចំណាយខ្ពស់ ទោះបីមិនមែនការគាំទ្រផ្នែកយោធា ប៉ុន្តែដោយសារតែការឡើងថ្លៃថាមពល និងអាហារ»។ លោក Stoltenberg បានសម្តែងក្តីសង្ឃឹមថា សព្វាវុធទំនើបៗដែលផ្តល់ដោយលោកខាងលិចនឹង “បង្កើនលទ្ធភាព” ដែលអ៊ុយក្រែនអាចបណ្តេញកងទ័ពរុស្ស៊ីចេញពីតំបន់ Donbass ។
អគ្គលេខាធិការណាតូរូបនេះ ក៏បានព្រមានថា អ្វីៗមិនអាចវិលទៅរកភាពធម្មតាវិញបានទេ។ ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន «រៀនពីសង្រ្គាមនេះ ដែលគាត់អាចបន្តដូចដែលគាត់បានធ្វើបន្ទាប់ពីសង្រ្គាមឆ្នាំ 2008 ប្រឆាំងនឹងហ្សកហ្ស៊ី» ហើយបន្ទាប់ពីគ្រីមៀបានចូលរួមជាមួយរុស្ស៊ីវិញនៅក្នុងឆ្នាំ 2014 នោះ “បន្ទាប់មកយើងនឹងចំណាយខ្ពស់ជាងនេះ” ៕ប្រែសម្រួលៈ ណៃ តុលា