ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយ eCloudvalley ដែលជាដៃគូប្រឹក្សាដ៏គួរឱ្យទុកចិត្តរបស់ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បីផ្ដល់សេវា និងពង្រីកជំនាញសេវាកម្មក្លោដ (cloud) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចព្រម ព្រៀង ភាពជាដៃគូនេះបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុនរ៉ូយាល់គ្រុប ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយ eCloudvalley ដែលជាដៃគូប្រឹក្សាយោបល់របស់ក្រុមហ៊ុន Amazon Web Services (AWS) ដែលជាទំរង់វេទិកា cloud ដ៏ទូលំទូលាយ និងមានការប្រើប្រាស់ច្រើនបំផុតមួយនៅលើពិភពលោក។ កិច្ចព្រមព្រៀងនេះបានរៀបចំនៅឯការិយាល័យរបស់ក្រុមហ៊ុន Amazon Web Services ក្នុងប្រទេសសិង្ហបុរី។
ភាពជាដៃគូនេះត្រូវបានរំពឹងថានឹងជំរុញ់ការវិវត្តន៍នៃផ្នែកឌីជីថលអោយកាន់តែជឿនលឿនជាងមុនសម្រាប់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ជូនអ្នកប្រឹក្សាក្នុងស្រុកដែលមានជំនាញលំដាប់អន្តរជាតិ សម្រាប់ផ្តល់ សេវាកម្មប្រឹក្សាយោបល់និងដំណោះស្រាយពាក់ព័ន្ធនឹង cloud បានភ្លាមៗ ទៅតាមចំនួន និងតម្រូវការជាក់ស្ដែង ជូនអ្នកប្រើប្រាស់ ក៏ដូចជាសាជីវកម្ម និងក្រុមហ៊ុនដែលផ្ដល់សេវា បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT)នៅកម្ពុជា។ តាមរយៈជំនាញនិងបទពិសោធន៍ទាំងនេះត្រូវបានរំពឹងថានឹងបង្កើនជាអតិបរមានូវប្រសិទ្ធភាពលើ ការចំណាយ កាត់បន្ថយពេលវេលាឆ្លើយតប ធ្វើឱ្យប្រសើរឡើងនូវចំណេះជំនាញផ្នែកឌីជីថលនៅក្នុងស្រុក ក៏ដូចជាជួយលើកកម្ពស់តួនាទីរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយជាប្រទេសដែលមានសក្តានុពលផ្នែក “បច្ចេកវិទ្យា និង ឌីជីថល”។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុនរ៉ូយាល់គ្រុប បានមានប្រសាសន៍ថា៖ «នេះគឺជាព្រឹត្តិការដ៏សំខាន់មួយទៀតសម្រាប់ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងវិស័យ ICT នៅកម្ពុជា។ ការចាប់ដៃគូជាមួយ eCloudvalley ដែលជាដៃគូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដំបូងរបស់ក្រុមហ៊ុន Amazon Web Services និងការនាំយកជំនាញនេះមកបណ្តុះបណ្តាលធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា សបញ្ជាក់ឱ្យឃើញពីបេសកម្មរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប យើងខ្ញុំដែលជួយពន្លឿនវឌ្ឍនភាពឌីជីថលអោយកាន់ឆាប់រហ័សនៅកម្ពុជា និងបង្ហាញពិភពលោកថា កម្ពុជាក៏មានធនធាន និងឧបករណ៍ឌីជីថល ដែលអាចដាក់កម្ពុជាចូលទៅក្នុងផែនទីឌីជីថល ស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា»។
តាមរយៈ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល បានផ្តោតជាសំខាន់ទៅលើមធ្យោបាយដែលវិស័យឌីជីថលអាចផ្តល់នូវគំរូថ្មីដល់កំណើន សេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួនក្នុងក្របខណ្ឌមួយ ដែលមានចំណងជើងថា “កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀចំមូលដ្ឋាន គ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់់តួអង្គសង្គម ទាំងរដ្ឋ ទាំងធុរជន ដើម្បីជំរុញ សម្ទុះកំណើន សេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី”
eCloudvalley គឺជាដៃគូប្រឹក្សាយោបល់ដំបូងគេបង្អស់របស់ក្រុមហ៊ុន AWS នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានវត្តមាននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជានៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី វៀតណាម ក្រុងហុងកុង និងប្រទេសចិន។ ក្នុងឆ្នាំ 2020 ក្រុមហ៊ុនស្រាវជ្រាវនិងផ្តល់ប្រឹក្សា Gartner បានដាក់ឈ្មោះ eCloudvalley ថាជាស្ថាប័ន “មួយក្នុងចំណោមក្រុមហ៊ុន 16 នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលផ្តល់សេវា cloud សាធារណៈ (Asia Pacific Representative Vendors of Public Cloud MSP)” ហើយត្រូវបាន ChannelE2E ដែលជាក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យាដ៏ល្បីល្បាញមួយដែរ បានដាក់ចំណាត់ថ្នាក់ជូនលេខ 6 ក្នុងចំណោមស្ថាប័នផ្ដល់សេវាកំពូលទាំង 100 (Top 100 Vertical Market MSPs) ក្នុងពិភពលោក។ នៅឆ្នាំ 2022 eCloudvalley បានឈ្នះពានរង្វាន់ជាច្រើននៅក្នុងទីផ្សារអាស៊ី រួមមាន ពានរង្វាន់ដៃគូឯកទេស AWS ប្រចាំឆ្នាំនៅអាស៊ាន, ដៃគូសេវាកម្ម AWS ប្រចាំឆ្នាំនៅអាស៊ាន, ដៃគូ AWS ប្រចាំឆ្នាំនៅម៉ាឡេស៊ី, ដៃគូ AWS ប្រចាំឆ្នាំនៅហ្វីលីពីន, ដៃគូAWS ប្រចាំឆ្នាំនៅទីក្រុងហុងកុង។
លោក MP Tsai នាយកប្រតិបត្តិ eCloudvalleyបានថ្លែងថា៖ «ភាពជាដៃគូជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បង្ហាញថា eCloudvalleyនឹងបន្តរក្សាការសន្យារបស់យើងសម្រាប់ការពន្លឿនការផ្លាស់ប្តូរឌីជីថលនៅទូទាំងពិភពលោក។ ការដែលមានក្រុមការងារក្នុងស្រុកដែលទទួលបានការគាំទ្រពីក្រុមការងារអន្តរជាតិ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជនរបស់យើង។ eCloudvalleyមានកិត្តិយសក្នុងការសហការជាមួយ រ៉ូយ៉ាល់គ្រុបដែលជាក្រុមហ៊ុនដែលមានកិត្យានុភាពបំផុតនៅកម្ពុជា ដើម្បីពន្លឿនការផ្លាស់ប្តូរនៃវិស័យឌីជីថលក្នុងប្រទេសនេះ។ eCloudvalleyនឹងផ្តល់ការបណ្តុះបណ្តាលដើម្បីបង្កើតក្រុមបច្ចេកទេសដល់បុគ្គលិកជំនាញ ក៏ដូចជាចែករំលែកបទពិសោធន៍ cloudសកលរបស់យើងជាមួយទីផ្សារក្នុងស្រុកផងដែរ។ ដោយរួមគ្នាជាមួយ រ៉ូយ៉ាល់គ្រុប យើងជឿជាក់ថា សេវា cloud នឹងក្លាយជាកម្លាំងរុញច្រានការពន្លឿនការផ្លាស់ប្តូរវិស័យឌីជីថលក្នុងប្រទេសកម្ពុជា។
ការទទួលយកសេវា cloud នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សដែលមិនធ្លាប់មានពីមុនមក។ និន្នាការនេះត្រូវបានគេរំពឹងថា នឹងបង្កើនល្បឿន និងធានាដល់ការជួយអតិថិជនរបស់យើងឱ្យដើរឱ្យទាន់ការវិវឌ្ឍចុងក្រោយនៃបច្ចេកវិទ្យានេះ។ ការសហការនេះធ្វើឡើងចំពេលវេលាល្អ ដើម្បីកសាងសមត្ថភាពផ្នែក cloud នៅកម្ពុជា។ វាក៏នឹងដើរតួនាទីយ៉ាងសកម្មជាកន្លែងបំពាក់បំប៉នជំនាញ តាមរយៈការបង្កើតសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងការអនុវត្តល្អបំផុត ដែលក្រុមហ៊ុនអាជីវកម្មអាចប្រើប្រាស់បានដើម្បីអភិវឌ្ឍខ្លួន និងត្រៀមខ្លួនសម្រាប់ថ្ងៃអនាគត។
ការផ្តល់ជូនសេវាកម្មពីការសហការនេះរួមមាន ការផ្ទេរទិន្នន័យទៅរក្សាទុកនៅក្នុង cloud ការបណ្តុះបណ្តាលអំពី cloud ដំណោះស្រាយផ្នែកទិន្នន័យ អ្នកផ្តល់សេវាជំនាន់ក្រោយ និងភ្លែតហ្វមគ្រប់គ្រង cloud ដោយស្វ័យប្រវត្តិ និងមុខងារជាច្រើនទៀត៕
អំពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា នឹងបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងមានការវិនិយោគចម្រុះបំផុតរបស់កម្ពុជា។ ក្រុមហ៊ុន រ៉ូយាល់ គ្រុប វិនិយោគនៅក្នុងឧស្សាហកម្មជាច្រើន រួមមានទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ធនាគារនិងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារនិងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនិងកសិកម្ម។
ជាច្រកវិនិយោគយុទ្ធសាស្ត្រមួយមកកាន់ប្រទេសកម្ពុជាដែលមានប្រវត្តិក្នុងការបង្កើតភាពជាដៃគូឈានមុខគេក្នុងទីផ្សារដ៏ជោគជ័យជាមួយអ្នកវិនិយោគក្នុងវិស័យឧស្សាហកម្មចម្រុះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ផ្តល់សក្តានុពលវិនិយោគដ៏លើសលប់នៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីមួយក្នុងចំណោមសេដ្ឋកិច្ចទីផ្សារសេរីពិតប្រាកដដំបូងគេនៅក្នុងតំបន់ទន្លេមេគង្គ៕