បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន SANA ចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាការវាយប្រហារ តាមអាកាសដោយប្រទេសតួកគី បានបណ្តាលឲ្យទាហានរបស់ស៊ីរី៣នាក់ បាត់បង់ជីវិតក្បែរទៅនឹង ទីក្រុងអេឡាប៉ូ។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា ក្រៅតែពីទាហាន៣នាក់ ដែលបានស្លាប់ក្នុងនោះ៦នាក់ផ្សេងទៀត បានទទួលរងរបួស ខណៈដែលទីតាំងផ្សេងទៀត ដែលកំពុងគ្រប់គ្រង ដោយក្រុមប្រយុទ្ធគាំទ្រដោយតួកគី ក៏ត្រូវបានរងការវាយប្រហារផងដែរ។
គួរឲ្យដឹងដែរថា ក្រុមប្រយុទ្ធនៅភាគខាងជើងដ៏ធំមួយ គឺជាក្រុមដែលមានការគាំទ្រ ពីក្រោយដោយរដ្ឋាភិបាលតួកគី ហើយជាញឺកញាប់គេអាចមើលឃើញថា កងកម្លាំងរបស់តួកគីបានធ្វើការវាយប្រហារ តាមអាកាសសំដៅប្រឆាំង ក្រុមឧទ្ទាមឃឺដប៉ុន្តែក៏ជារឿយៗ បានប៉ះពាល់ទៅដល់ទីតាំងផ្សេង ដែលគ្រប់គ្រងដោយយោធាស៊ីរីផងដែរ។
កន្លងមកប្រធានាធិបតីតួគីលោក Recep Tayyip Erdogan តែងតែបានសន្យាថា នឹងបង្កើតតំបន់សុវត្ថិភាព ចំងាយ៣០គីឡូម៉ែត្រជុំវិញ ឬ Safe Zone នៅក្បែរជាមួយនឹងព្រំដែនស៊ីរី ប៉ុន្តែជាក់ស្តែងមកដល់ពេលនេះ តំបន់នេះមិនទាន់មានលេចជារូបរាងនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី