បច្ចេកវិទ្យា

Apple ពិចារណាផ្លាស់ ប្តូរខ្សែសង្វាក់ ផលិតកម្ម បន្ថែមទៀត ពីប្រទេសចិន ទៅវៀតណាម

ហាណូយ ៖ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានវៀតណាម ដោយដកស្រង់សម្តី របស់ Nikkei Asia បាននិយាយថា ក្រុមហ៊ុន Apple កំពុងពិភាក្សាដើម្បីបង្កើត Apple Watch និង MacBooks នៅប្រទេសវៀតណាម ជាលើកដំបូង ខណៈក្រុមហ៊ុន បច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិក សម្លឹងមើលការធ្វើពិពិធកម្មផលិតកម្ម ឆ្ងាយពីប្រទេសចិន យោងតាមការចេញ ផ្សាយពីគេហទំព័រឌឺវីប៊ីស ។

ក្រុមហ៊ុនផ្គត់ផ្គង់ Apple Luxshare Precision Industry និង Foxconn បានចាប់ផ្តើម សាកល្បងផលិតនាឡិកា Apple នៅភាគខាងជើងប្រទេស វៀតណាម ក្នុងគោលបំណងផលិត ឧបករណ៍នៅខាងក្រៅ ប្រទេសចិន ។ Apple ក៏បានស្នើឲ្យអ្នកផ្គត់ផ្គង់ បង្កើតខ្សែចង្វាក់ផលិត សាកល្បង Macbook នៅប្រទេសវៀតណាម ទោះជាយ៉ាង ណាក៏ដោយ វឌ្ឍនភាពក្នុងការផ្លាស់ប្តូរ ផលិតកម្មទ្រង់ទ្រាយធំ ទៅកាន់ប្រទេសមានភាព យឺតយ៉ាវ ដែលមួយផ្នែក ដោយសារការរំខានទាក់ទង នឹងជំងឺរាតត្បាត ។

ប្រទេសវៀតណាម ជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់បំផុត របស់ Apple រួចហើយ នៅខាងក្រៅប្រទេសចិន ដោយផលិតផលិតផលល្បីៗ ជាច្រើនសម្រាប់ក្រុមហ៊ុនអាមេរិក រួមទាំងថេប្លេត iPad និងកាសស្តាប់ត្រចៀក AirPods ផងដែរ ។ ក្រុមហ៊ុន Apple ក៏បានបន្តផ្លាស់ប្តូរការផលិត iPad ទៅកាន់ប្រទេសវៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មផលិតកម្ម របស់ខ្លួន ។

លើសពីនេះ ក្រុមនេះក៏កំពុងពិភាក្សា ជាមួយអ្នកផ្គត់ផ្គង់ដើម្បីបង្កើតខ្សែសង្វាក់ ផលិតកម្មសាកល្បង សម្រាប់ឧបករណ៍បំពង សម្លេងឆ្លាតវៃ HomePod របស់ខ្លួននៅប្រទេសវៀតណាម ។ យោងតាមការវិភាគរបស់ Nikkei Asia លើបញ្ជីអ្នកផ្គត់ផ្គង់ ចុងក្រោយបំផុត របស់ក្រុមហ៊ុន Apple បានឲ្យដឹងថា ចំនួនអ្នកផ្គត់ផ្គង់ Apple មានគ្រឿងបរិក្ខារ ក្នុងប្រទេសអាស៊ីអាគ្នេយ៍ បានកើនឡើងដល់ ២២ ពី ១៤ កាលឆ្នាំ ២០១៨ ឆ្នាំ ។
ក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិកធំៗជាច្រើនទៀត ដូចជា Google, Dell និង Amazon ក៏បានបង្កើតផលិតកម្ម នៅក្នុងប្រទេសដើម្បីធ្វើពិពិធកម្ម លើសពីប្រទេសចិនផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top