បរទេស ៖ រុស្ស៊ីគឺជាមហាអំណាច នុយក្លេអ៊ែរ ដែលមានទំនួល ខុសត្រូវ ហើយនឹងប្រើប្រាស់អាវុធ នុយក្លេអ៊ែរ របស់ខ្លួនតែប៉ុណ្ណោះ ប្រសិនបើមាន ការវាយប្រហារ ដោយអាវុធប្រល័យលោក ឬប្រសិនបើអត្ថិភាពរបស់ខ្លួន ស្ថិតនៅក្រោមការគំរាមកំហែង ។ នេះបើតាម លោក Ivan Nechaev អ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ីបាននិយាយ។ លោក Ivan Nechaev បន្ថែមថា ទន្ទឹមនឹងនោះ មន្ត្រីលោកខាងលិចខ្លះ អះអាងថា នុយក្លេអ៊ែអាចដើរតួនាទីក្នុងសមរភូមិ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យរងនៃក្រសួង បាននិយាយក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ថា យោងតាមគោលជំហរ នុយក្លេអ៊ែរផ្លូវការរបស់រុស្ស៊ី “ការប្រើប្រាស់ឃ្លាំង អាវុធនុយក្លេអ៊ែរ គឺអាចធ្វើទៅបានតែក្នុងការឆ្លើយតប ទៅនឹងការវាយប្រហារ ជាវិធានការការពារខ្លួន និងក្នុងកាលៈទេសៈធ្ងន់ធ្ងរ” ។
អ្នកការទូតបានឆ្លើយតបទៅ នឹងសំណួរអំពីហានិភ័យ នៃការកើនឡើងការប្រើប្រាស់នុយក្លេអ៊ែរ នៅក្នុងជម្លោះជាមួយអ៊ុយក្រែន។ លោកបាននិយាយថា រុស្ស៊ីមិន ស្ថិតនៅក្នុងទម្លាប់នៃ “គំរាមកំហែងនោះទេ ជាពិសេសដោយអាវុធនុយក្លេអ៊ែរ” ។ លោក Nechaev បានអះអាងថា ទីក្រុងម៉ូស្គូបានប្ដេជ្ញា រក្សាស្ថានការណ៍ ក្នុងប្រទេសអ៊ុយក្រែនឲ្យមានលក្ខណៈធម្មតា ហើយមិនចាំបាច់ប្រើជម្រើសនុយក្លេអ៊ែរនៅអ៊ុយក្រែនឡើយ។
លោកបានបង្ហាញ ការសោកស្ដាយថា មេដឹកនាំ នៃមហាអំណាចលោកខាងលិច បានក្លាយជាអ្នកទទួលខុស ត្រូវតិចជាងអ្នកកាន់តំណែង មុនសម័យសង្គ្រាមត្រជាក់ឆ្ងាយណាស់ នៅពេលនិយាយអំពីបញ្ហារារាំង៕
ប្រែសម្រួលៈ ណៃ តុលា