បច្ចេកវិទ្យា

មហាសេដ្ឋី Elon Muskថា រុស្ស៊ី ព្យាយាមបំផ្លាញ ផ្កាយរណប Starlink

បរទេស ៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានស្តីបន្ទោសប្រទេសរុស្ស៊ី ចំពោះការធ្វើការបិទសេវាកម្ម ផ្កាយរណប Starlink របស់លោក ដែលកងកម្លាំងអ៊ុយក្រែន ពឹងផ្អែកយ៉ាងខ្លាំង នៅក្នុងជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Musk បាននិយាយនៅក្នុង tweet កាលពីថ្ងៃសៅរ៍ថា “រុស្ស៊ីកំពុងព្យាយាមយ៉ាងសកម្ម ដើម្បីសម្លាប់ផ្កាយរណប Starlink” ។

យោងតាមមហាសេដ្ឋី គឺ SpaceX ដែលប្រតិបត្តិការសេវាកម្មផ្កាយរណប បាននិងកំពុងបែងចែក “ធនធានដ៏ធំ” ដើម្បីការពារវាពីការឈប់ ដំណើរការ និងការវាយប្រហារតាមអ៊ីនធឺណិត ។ លោកបានព្រមានថា “ទោះបីជាដូច្នេះក៏ដោយ ក៏ Starlink នៅតែអាចស្លាប់បាន” ។

លោក Musk បានបរិច្ចាគស្ថានីយ Starlink តម្លៃ ៨០ លានដុល្លារ ដល់ទីក្រុងនៅដើមជម្លោះនៅចុងខែកុម្ភៈ ដោយប្រព័ន្ធនេះ បានក្លាយជាឧបករណ៍ទំនាក់ទំនង ដ៏សំខាន់សម្រាប់កងកម្លាំង អ៊ុយក្រែន៕

Most Popular

To Top