បរទេស ៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បានសន្យាថា នឹងបន្តផ្តល់សេវាអ៊ីនធឺណេត ផ្កាយរណបចល័ត Starlink សម្រាប់ប្រទេសអ៊ុយក្រែន ដោយមិនគិតថ្លៃ បើទោះបីជាលោកបរាជ័យ ក្នុងការបញ្ចុះបញ្ចូលក្រសួងការពារជាតិ សហរដ្ឋអាមេរិក (DoD) ឱ្យចែករំលែកវិក្កយបត្រក៏ដោយ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះក៏ធ្វើឡើង ក្រោយរបាយការណ៍ថ្មីៗដែលថា សហភាពអឺរ៉ុបកំពុងពិចារណា ផ្តល់មូលនិធិដល់អ៊ុយក្រែន ក្នុងការចូលទៅកាន់ផ្កាយរណប Starlink ។
លោក Musk បានសរសេរលើ Twitter នៅថ្ងៃចន្ទថា លោកបាននិយាយជាមួយរដ្ឋមន្ត្រី ការផ្លាស់ប្តូរឌីជីថល របស់អ៊ុយក្រែន លោក Mikhail Fedorov។ Musk បានសរសេរថា “មុនពេល DoD ត្រឡប់មកវិញជាមួយនឹងចម្លើយមួយ ខ្ញុំបានប្រាប់លោក Fedorov ថា SpaceX នឹងមិនបិទ Starlink ទេ ទោះបីជា DoD បដិសេធមិនផ្តល់មូលនិធិក៏ដោយ” ។
លោក Fedorov បានថ្លែងអំណរគុណដល់មហាសេដ្ឋី Elon Musk សម្រាប់ការគាំទ្រនេះ ។ “មុននឹងការពិភាក្សាទាំងអស់ អំពីការផ្តល់មូលនិធិ អ្នកបានបញ្ជាក់ប្រាប់ខ្ញុំថា ក្នុងករណីណាក៏ដោយ អ្នកនឹងធានាដល់ការងាររបស់ Starlink នៅអ៊ុយក្រែន។ នេះជារឿងសំខាន់ សម្រាប់អ៊ុយក្រែន»។
សូមជម្រាបថា ក្រុមហ៊ុន របស់លោក Musk បានបរិច្ចាគស្ថានីយ Starlink ប្រមាណ ២៥ ០០០ ដល់អ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធា របស់ខ្លួននៅក្នុងខែកុម្ភៈ ។ ពួកគេកំពុងត្រូវបានទាហាន អ៊ុយក្រែនប្រើក្នុងសមរភូមិ៕