ក្រុងប្រ៊ុចសែល៖រដ្ឋមន្ត្រីក្រសួងការងាររបស់ឆ្លើយតបកាល ពីម្សិលមិញចំពោះការចោទប្រកាន់ អំពីលក្ខខណ្ឌនៃពលករចំណាកស្រុកពាក់ព័ន្ធ នឹងការងារសំណង់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកដោយនិយាយថា យន្តការមួយមានរួចហើយសម្រាប់អ្នកដែលស្វែងរកសំណងយោង តាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។
លោក Ali Samikh Al Marri បាននិយាយថា ជាការឆ្លើយតបទៅនឹងការអំពាវនាវធ្វើពហិការពីអ្នកនយោបាយ និងអង្គការសិទ្ធិមនុស្សមួយចំនួននៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុប បន្ទាប់ពីមានរបាយការណ៍អំពីកម្មករមួយចំនួនបានស្លាប់ ឬរងរបួសអំឡុងពេលការងារសំណង់ “តើអ្នកធ្លាប់ធ្វើពហិការការប្រកួត World Cup ពីមុនទេ?”
លោកបានបន្ថែមថា ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា អ្នករាល់គ្នាត្រូវបានស្វាគមន៍ក្នុងប្រទេសកាតាដើម្បីចូលរួមការប្រកួតនេះ។ ដោយប៉ះលើការចោទប្រកាន់ថាកម្មករមួយចំនួននៅប្រទេសកាតាត្រូវបានប្រព្រឹត្តដោយអយុត្តិធម៌ មានយន្តការមួយដែលមនុស្សគ្រប់គ្នាអាចប្រើដើម្បីស្វែងរកដំណោះស្រាយ និងទទួលបានសំណង ។
លោកបានថ្លែងថា យ៉ាងហោចណាស់ចំនួន ៣៥០ លានដុល្លារត្រូវបានផ្តល់ជាសំណងដល់កម្មករ។ ការចោទប្រកាន់អំពីប្រទេសរបស់លោកអាចកើតចេញពីកង្វះការប្រាស្រ័យទាក់ទងគ្នា ដោយបន្ថែមព័ត៌មានត្រឹមត្រូវអំពីបញ្ហានេះគួរតែទទួលបានពីប្រភពត្រឹមត្រូវ។
លោក Al Marri បានអញ្ជើញអ្នករាល់គ្នាទៅកាតាសម្រាប់ការប្រកួត FIFA World Cup ដោយនិយាយថា ខ្ញុំអាចបញ្ជាក់បានថា Qatar World Cup នឹងក្លាយជាការប្រកួតដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ។ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ធ្វើជាម្ចាស់ផ្ទះដោយប្រទេសឈូងសមុទ្រកាតា គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី ១៨ ខែធ្នូ។
នៅមុនព្រឹត្តិការណ៍ World Cup អ្នកនយោបាយ និងអ្នកការពារសិទ្ធិមនុស្សមួយចំនួននៅបណ្តាប្រទេសអឺរ៉ុបកំពុងអំពាវនាវឲ្យធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍កីឡានេះ ដោយចោទប្រកាន់រដ្ឋាភិបាលពីបទរំលោភសិទ្ធិមនុស្ស។ សមាជិកសភាអឺរ៉ុបក៏បានធ្វើការពិភាក្សាលើលក្ខខណ្ឌសម្រាប់ពលករបរទេសនៅប្រទេសកាតាផងដែរ៕
ដោយ៖លី ភីលីព