បរទេស ៖ FIFA ត្រូវបានគេរាយការណ៍ថា បានច្រានចោលសំណើ របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងការចែករម្លែកសារ សន្តិភាពពិភពលោក ដោយលោកបានគ្រោង នឹងចាក់ផ្សាយ មុនពេលចាប់ផ្តើមព្រឹត្តិការណ៍ ការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ។
លោក Zelensky បានស្នើឲ្យបង្ហាញមុខ ក្នុងវីដេអូដោយនិយាយ ទៅកាន់អ្នកគាំទ្រ នៅពហុកីឡដ្ឋានមុនការប្រកួត នៅប្រទេសកាតា ។ ប្រភពដែលនិយាយទៅកាន់ CNN បាននិយាយថា យើងគិតថា FIFA ចង់ប្រើវេទិការបស់ខ្លួន សម្រាប់ការល្អជាង ដោយបន្ថែមថា ការិយាល័យរបស់ Zelensky មានការភ្ញាក់ផ្អើល ចំពោះការឆ្លើយតបអវិជ្ជមាន ។
MailOnline បានទាក់ទងសុំការបំភ្លឺពី FIFA ប៉ុន្តែមិនបានទទួលការឆ្លើយតប មុនពេលចេញផ្សាយនោះទេ ។ CNN បាននិយាយថា ការពិភាក្សារវាង Zelensky និង FIFA នៅតែដំណើរការនៅឡើយ មានន័យថា សារមួយអាចនៅតែត្រូវបានយល់ព្រម មុនការប្រកួតនៅថ្ងៃអាទិត្យ រវាងអាហ្សង់ទីន និងបារាំង ។
ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅព្រឹត្តិការណ៍ធំៗ ជាច្រើនលើពិភពលោក ដើម្បីប្រមូលការគាំទ្រ សម្រាប់ការការពាររបស់ប្រទេសប្រឆាំង នឹងការឈ្លានពានរបស់រុស្ស៊ី ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំនេះ ។ ការបង្ហាញខ្លួនលោក Zelensky រួមមានកិច្ចប្រជុំកំពូលនៃក្រុមប្រទេសចំនួន ២០ ទៅកាន់កម្មវិធី Grammys និងមហោស្រពភាពយន្ត Cannes ។
លោកក៏បានបង្ហាញខ្លួនជាមួយតារាល្បីៗ និងអ្នកកាសែត ជាច្រើនផងដែរ រួមមាន Sean Penn, David Letterman និង Bear Grylls ថ្មីៗនេះ។ ដំណឹងនេះបានកើតឡើង បន្ទាប់ពីរុស្ស៊ីបានបញ្ចេញ នូវគ្រាប់មីស៊ីល បំផ្លិចបំផ្លាញ ជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ុយក្រែន ដោយបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងកប់ជនស៊ីវិល នៅក្រោមគំនរបាក់បែក ៕