ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្តរុស្ស៊ី ដាក់ពង្រាយអាវុធថ្មី

បរទេស៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសបេឡារុសឥឡូវមានប្រដាប់ដោយកាំជ្រួចមីស៊ីល Iskander និងការពារដោយប្រព័ន្ធការពារអាកាស S-400។ លោក Alexander Lukashenko ក៏បាន អរគុណសមភាគីរុស្ស៊ី លោក Vladimir Putin ដែលបានផ្តល់សព្វាវុធថ្មី ដូចដែលមូស្គូបានសន្យា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Lukashenko បានប្រាប់លោក Putin ក្នុងសន្និសីទសារព័ត៌មានរួមនៅទីក្រុង Minsk ថា “ថ្ងៃនេះ យើងបានពង្រាយប្រព័ន្ធ S-400 ហើយសំខាន់បំផុត ប្រព័ន្ធមីស៊ីល Iskander ដែលអ្នកបានប្រគល់មកឱ្យយើង ដូចដែលអ្នកបានសន្យាកាលពីប្រាំមួយខែមុន”។

លោក Putin ក៏ដូចជារដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងរដ្ឋមន្ត្រីការពារជាតិ Sergey Shoigu បានទៅដល់ប្រទេសបេឡារុសកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាជាបន្តបន្ទាប់ជាមួយសមភាគីទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច យោធា និងថាមពល។ នៅក្នុងការបង្ហាញសារពត៌មានរបស់ពួកគេ ប្រធានាធិបតីរុស្ស៊ីបានបង្ហើបថា ប្រទេសទាំងពីរបានបង្កើតប្រព័ន្ធការពារ និងព្រមានផ្លូវអាកាសរួមបញ្ចូលគ្នារួចហើយ ដែលក្នុងនោះ ថ្ម S-400 គឺជាធាតុសំខាន់មួយ។

ពីឡុតមកពីប្រទេសបេឡារុស្ស នឹងទទួលបានការហ្វឹកហ្វឺនក្នុងការប្រើប្រាស់ “អាវុធពិសេស និងគ្រាប់រំសេវពិសេស” ឆាប់ៗនេះ, នេះបើតាមអ្វីដែលលោក ពូទីន បានបង្ហាញឱ្យដឹង ហើយលោក Lukashenko បានបញ្ជាក់៕

Most Popular

To Top