ព័ត៌មានអន្តរជាតិ

Politico ផ្សាយថា អ៊ុយក្រែន ​នឹងសុំមីស៊ីលរយៈ​ចម្ងាយ​ឆ្ងាយ​ពីអាមេរិក ពេលជួបផ្ទាល់ ជាមួយលោក Joe Biden

បរទេស៖ ការធ្វើដំណើររបស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកដើម្បីជួបជាមួយសមភាគីអាមេរិក លោក Joe Biden ទំនងជានឹងរួមបញ្ចូលការសុំសម្រាប់ប្រព័ន្ធសព្វាវុធទំនើបៗមួយចំនួន ដែលសហរដ្ឋអាមេរិកមាននៅក្នុងស្តុក ដូចជាប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់កងទ័ព (ATACMS), នេះបើតាមសារព័ត៌មាន Politico បានរាយការណ៍ដោយដកស្រង់ប្រភពអនាមិកដែលដឹងពីបញ្ហានេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Zelensky ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃពុធនេះ គឺនឹងពិភាក្សាជាមួយលោក Biden នៅក្នុងការិយាល័យ Oval បន្ទាប់ពីនោះមេដឹកនាំទាំងពីរនឹងធ្វើសន្និសីទសារព័ត៌មាននៅសេតវិមាន។ ក្រោយមក Zelensky ត្រូវបានរំពឹងថានឹងនិយាយទៅកាន់សមាជិកសភា។

ប្រធានបទសំខាន់មួយនៃថ្ងៃនោះត្រូវបានគេរំពឹងថាជាបញ្ហានៃការផ្តល់អាវុធទំនើបដល់អ៊ុយក្រែន ដែលក្រុងគៀវជឿជាក់ថា អាចផ្លាស់ប្តូរជំនោរនៅក្នុងជម្លោះយោធារបស់ខ្លួនជាមួយទីក្រុងម៉ូស្គូ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top