ព័ត៌មានអន្តរជាតិ

លោក ពូទីន បញ្ជាក់ថា រុស្ស៊ី នឹងបន្ដពង្រឹងកងកម្លាំងប្រដាប់អាវុធ និងត្រៀមបំពាក់អាវុធ ទំនើបៗចុងក្រោយបំផុតដល់យោធា

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា សមត្ថភាពប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយរុស្ស៊ីពិតជានឹងបង្កើនដំណើរការនេះ ។

លោកពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំពង្រីកនៃក្រុមប្រឹក្សាក្រសួងការពារជាតិរុស្ស៊ីថា “ថ្ងៃនេះ គោលដៅរបស់យើង គឺអនុវត្តវិសាលភាពទាំងមូលនៃវិធានការចាំបាច់ ដើម្បីសម្រេចបាននូវការបន្តគុណភាព និងការកែលម្អកងកម្លាំងប្រដាប់អាវុធ” ។

លោកបានបញ្ជាឱ្យយោធារក្សា និងកែលម្អការត្រៀមខ្លួនប្រយុទ្ធនៃសង្គ្រាមនុយក្លេអ៊ែរ ដែលជា “ការធានាដ៏សំខាន់ដែលអធិបតេយ្យភាព និងបូរណភាពទឹកដី សមភាពយុទ្ធសាស្ត្រ និងតុល្យភាពទូទៅនៃកងកម្លាំងនៅក្នុងពិភពលោកត្រូវបានរក្សាទុក” ។

លោកបានបន្ដថា កម្រិតនៃសព្វាវុធទំនើបនៅក្នុងកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីមានលើសពី ៩១ភាគរយ ហើយ “យើងនឹងអនុវត្តផែនការរបស់យើងទាំងអស់” ដើម្បីបំពាក់ដល់កងកម្លាំងយុទ្ធសាស្ត្រជាមួយនឹងប្រព័ន្ធអាវុធចុងក្រោយបង្អស់។

លោកពូទីន ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការបង្កើនចំនួនយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់គ្របដណ្តប់ដោយប្រព័ន្ធការពារដែនអាកាសទំនើប ហើយបានហៅវាថាជា “កិច្ចការសំខាន់” ដើម្បីធ្វើឱ្យប្រសើរឡើងនូវយន្តហោះដ្រូន។

នៅពេលផ្តល់របាយការណ៍នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu បានស្នើឱ្យបង្កើនចំនួនកងកម្លាំងប្រដាប់អាវុធរុស្ស៊ីដល់ ១,៥លាននាក់ក្នុងនោះមានទាហានជាប់កិច្ចសន្យាចំនួន ៦៩៥០០០នាក់៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top