Event

ក្រុមហ៊ុន EZECOM សហការជាមួយក្រុមហ៊ុន EXOTEL បើកសម្ពោធជាផ្លូវការនូវសេវាទំនាក់ទំនងអតិថិជនវៃឆ្លាត ដោយប្រើបច្ចេកវិទ្យា AI លើបណ្តាញខ្លោដ

វិស័យបម្រើសេវាអតិថិជន (Customer Engagement) និង​ទំនាក់ទំនងឆ្លាតវៃដោយបច្ចេកវិទ្យា​​​ (AI) បាន​ក្លាយ​ជាប្រធានបទសំខាន់នៅ​​ពិធីដាក់​ដំណើរការ​​​​​កិច្ចព្រមព្រៀង​ភាពជាដៃគូ​រ​រវាង​ក្រុមហ៊ុន Exotel  ដែលជាភ្លែតហ្វមបម្រើសេវាអតិថិជនឈានមុខគេនៅទីផ្សារកំពុងរីកចម្រើន ជាមួយនឹងក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់ខ្ពស់ឈានមុខគេមួយនៅប្រទេសកម្ពុជា។

​ព្រឹត្តិការណ៍​ដាក់​ដំណើរការ​ភាពជាដៃគូ​រវាង​ក្រុមហ៊ុន Ezecom និងក្រុមហ៊ុន Exotel ដែលបានប្រព្រឹត្តនៅសណ្ឋាគារ Tribe នាថ្ងៃទី ០៩ ធ្នូ ឆ្នាំ២០២២ ក្នុង​រាជធានីភ្នំពេញ ដោយមានការចូលរួមពី​តំណាងក្រុមហ៊ុនចំនួន ៤៥ ដែលមក​ពី​វិស័យ​ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ធានារ៉ាប់រង និងទូរគមនាគមន៍។

ជាមួយគ្នានោះដែរកិច្ច​​ពិភាក្សាជាក្រុមលើប្រធានបទ «ការសម្រេច​​បាននូវកំណើន​​និងការតភ្ជាប់ សេវាអតិថិជន ជាមួយមជ្ឈ​មណ្ឌល​ទំនាក់ទំនងអតិថិជន​រួម» ភាពជាដៃគូថ្មីនេះត្រូវបានធ្វើឡើងដើម្បីណែនាំ

“បទ​ពិសោធ​​ទំនាក់ទំនង​​អតិថិជន​ទាំង​អស់​​​ក្នុងភ្លែតហ្វម​តែមួយ​ ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​ដំណើរការដោយ​រលូន កែលម្អ និងទំនាក់ទំនងទៅអតិថិជន​ប្រកបដោយ​ប្រសិទ្ធភាព​ចំណាយ សន្សំសំចៃពេលវេលា ​ជា​មួយ​នឹង​​ទំនាក់ទំនងរួម និងភ្លែតហ្វម​​បម្រើ​សេវា​អតិថិជនពេញលេញ។”

​ក្នុងកិច្ចពិភាក្សានេះមានការចូលរួមពីសំណាក់ លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Ezecom និងលោក Binzad Aliar អនុប្រធានក្រុមហ៊ុន Exotel ទទួល​បន្ទុក​ផ្នែក​លក់សកល, ​លោក Andrew Mittell នាយក​ផ្នែកសេវាបម្រើ​អតិថិជននៃ​​ក្រុមហ៊ុន Cellcard, លោក Niraj Gupta នាយក​ក្រុមហ៊ុន MACRO Solutions, លោក ប៉ុម វណ្ណថន ប្រធានផ្នែកសេវាបម្រើ​អតិថិជននៃ​ធនាគារវីង។ ​ដោយមានលោក Nikhil Sharma ប្រធាន APAC គឺជាអ្នកសម្របសម្រួលកម្មវិធីក្នុងកិច្ចពិភាក្សានេះ។

ថ្លែង​នៅក្នុង​ពិធី​​នេះ លោកស្រី Yuni Lee Heathcote បាន​មានប្រសាសន៍ថា៖ «វាមិនមែនជាអាថ៌កំបាំងទេដែល​​បទពិសោធ​សេវាបម្រើ​អតិថិជនល្អ​​គឺជាផ្នែកសំខាន់មួយនៃគុណ​តម្លៃអាជីវកម្មសម្រាប់​​ការ​​ប្រកួតប្រជែង។ គោលបំណងនៃការសហការជាដៃគូថ្ងៃនេះគឺដើម្បី​សម្រេច​បាន​គោលដៅ​នេះ។ រួម​គ្នា​ជាមួយ​ក្រុមហ៊ុន Exotel យើង​កំពុងនាំយក​​​បច្ចេកវិទ្យា​ចុងក្រោយបំផុត​សម្រាប់​សេវាបម្រើ​អតិថិជន និង​ទំនាក់ទំនង​ឆ្លាតវៃដោយបញ្ញាសិប្បនិមិត្ត​​មក​កាន់​​ប្រទេសកម្ពុជា ដែល​ខ្ញុំជឿជាក់ថា ភ្លែតហ្វមនេះ​នឹងផ្លាស់ប្តូរ​វិធី​ក្នុង​ការប្រាស្រ័យ​ទាក់ទងជាមួយអតិថិជនឱ្យកាន់តែល្អប្រសើរ និង​រក្សាបាន​អតិថិជនកាន់តែច្រើន»។

លោកស្រី Yuni Lee Heathcote បាន​បន្ថែម​ថា៖ «សរុបមក ខ្ញុំពិតជារំភើបចំពោះភាពជាដៃគូនេះ។ នេះជាអ្វីដែលអតិថិជនរបស់យើងជាច្រើនបាននឹង​កំពុង​ស្នើសុំ ហើយយើងខ្ញុំរីករាយដែលយើងអាចផ្តល់ជូន​ដំណោះ​ស្រាយដ៏សំខាន់នេះជាមួយនឹងដៃគូជំនាញពី​ក្រុមហ៊ុន Exotel»។

ការចាប់ផ្តើមនៃកិច្ចព្រមព្រៀងភាពជាដៃគូនេះត្រូវ​បាន​​រំពឹង​យ៉ាងខ្លាំងថា​នឹង​ជួយ​ពន្លឿន​វិស័យ​បម្រើសេវាអតិថិជន និង​ការទំនាក់ទំនងឆ្លាតវៃដោយបញ្ញាសិប្បនិមិត្ត​​​​​នៅ​កម្ពុជា ហើយ​នឹងជួយក្រុមហ៊ុនក្នុងស្រុកក្នុងការធ្វើ​បដិវត្តឌីជីថល និងធ្វើទំនើបកម្មអាជីវកម្មរបស់ពួកគេ។ ការទទួលយកបច្ចេកវិទ្យាទំនាក់ទំនងដែលមានមូលដ្ឋានលើខ្លោដ និងប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សប្បនិម្មិត កំពុង​ក្លាយជានិន្នាការដែល​កើនឡើង​កាន់តែ​ខ្លាំង​​នៅ​ទូទាំង​ពិភពលោក​ ដែល​អ្នក​ទទួល​យក​បច្ចេកវិទ្យា​ទាំង​នេះ​ទៅប្រើប្រាស់​មុនគេ​បង្កើ​ត​​​តម្លៃ​​អាជីវកម្ម​​ខ្លាំង​​ជាងគេ និងទទួល​បាន​​គុណតម្លៃ​​ពី​អតិថិជន។

លោក Binzad Aliar អនុប្រធាន​ក្រុមហ៊ុន Exotel ទទួល​បន្ទុក​ផ្នែកលក់សកល​បានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀង​នេះ​ផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន និងអតិថិជននៅប្រទេសកម្ពុជា។ យើងដឹងពីកំណត់ត្រា​​ដ៏​​គួរឱ្យ​ចាប់​អារម្មណ៍​របស់​ក្រុមហ៊ុន Ezecom ក្នុងការនាំយកបច្ចេកវិទ្យាច្នៃប្រឌិតចុងក្រោយបំផុត និងកម្មវិធីឌីជីថលមក​កាន់ទីផ្សារ។ នេះ​ជាមូលហេតុ​ដែលធ្វើ​ឱ្យ​យើង​មានមោទនភាពក្នុងកា​រ​ផ្តល់​​ដំណោះស្រាយ​តាមរ​យៈ​សេវាខ្លោដ​​ចុងក្រោយ​បង្អស់​​នៅទីនេះ​​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា»។

លោក Binzad Aliar បានបន្ត​ថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយ​ក្រុមហ៊ុន Ezecom ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរូយ៉ាល់គ្រុប ដើម្បី​ផ្តល់ជូនអតិថិជនរបស់យើងនូវ​កញ្ចប់​សេវាកម្មទូរគមនាគមន៍ និងខ្លោដ​ដ៏ទូលំ​ទូលាយ។ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ពួកយើងដើម្បីបង្ហា​ញពីភាពខ្លាំងផ្នែកទូរគមនាគមន៍របស់យើងនៅក្នុងតំបន់។ វានឹងជួយជំរុញការច្នៃប្រឌិតថ្មី​ក្នុងវិស័យ​ទូរគមនាគមន៍កម្ពុជា និងជំរុញក្រុមហ៊ុនយើង​ទាំងពីរឱ្យ​ដើរ​ឆ្ពោះទៅមុខ។ ជាមួយ​នឹង​បច្ចេកវិទ្យាដែលមានមូលដ្ឋានលើ​ខ្លោដ​របស់​ក្រុមហ៊ុន Exotel ក្រុមហ៊ុន Ezecom នឹង​​អាចផ្តល់សេវាទូរគមនាគមន៍ដ៏ទូលំទូលាយគួរឱ្យទុកចិត្ត និងសន្សំសំចៃដល់អតិថិជនទូទាំងប្រទេសកម្ពុជា។ យើងរំភើបណាស់ដែល​មើល​ឃើញលទ្ធផលល្អពីភាពជាដៃគូនេះចំពោះ​អតិថិជន និងធានាថា ភ្លែតហ្វម​ឌីជីថល​របស់យើងជួយអាជីវកម្មរបស់​ពួកគេ​ឱ្យរីកចម្រើនទៅមុខ» ។

​អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ការប្រើប្រាស់​ភ្លែតហ្វម​ទំនាក់​ទំនង​របស់​ក្រុមហ៊ុន Exotel រួម​មាន​ការដំឡើង

បណ្តាញ​រង់ចាំ​សម្រាប់ការ​ហៅ​ទូរស័ព្ទចូល (call-routing) ការ​ថតការ​​ហៅ​ទូរស័ព្ទ (call-recording) និង​ការវិភាគ​ការ​ហៅទូរស័ព្ទ (call-analytic) បង្កើត​​មណ្ឌលសេវា​បម្រើ​អតិថិជន​​និម្មិត ដំណើរការ​ឧបករណ៍​ហៅ​​​ទូរស័ព្ទ​ដោយ​ស្វ័យប្រវត្តិ (automated dialer) ​សម្រាប់​ក្រុមការងារផ្នែក​លក់ រួម​បញ្ចូល​ឧបករណ៍និងកម្មវិធីពាក់​ព័ន្ធនឹង​ការ​លក់ និង​ដាក់​ដំណើរការ​​សេវា​ការ​ឆ្លើយតប​ជា​សំឡេង​​និង​ការ​ផ្ទេរ​ការ​ហៅទូរស័ព្ទ។ លើស​ពីនេះ​ទៀត បច្ចេកវិទ្យាគឺ​ជា​ដំណោះស្រាយផ្នែក​បម្រើអតិថិជន​រួ​ម​មួយ ដែល​ភ្ជាប់​​ទំនាក់ទំនង​ទៅ​កាន់​អតិថិជន​ឌីជីថល​ទាំងអស់ ដែល​បង្កើត​ប្រសិទ្ធភាព​ការងារ​នៅក្នុង​ផ្នែក​ទំនាក់ទំនងអតិថិជន។ ជា​មួយ​នឹង​ការផ្តល់ជូន​បច្ចេកវិទ្យា​របស់ក្រុមហ៊ុន Exotel នៅលើ​ខ្លោដ​ឯកជន​ផ្ទាល់​របស់ក្រុមហ៊ុន Ezecom ក្នុង​ប្រទេស​កម្ពុជា មានការ​ធានា​ថាទិន្នន័យ​អតិថិជនទាំងអស់នឹងមានសុវត្ថិភាព និង​ស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ Use-Cases – Global (exotel.com)

អំពីក្រុមហ៊ុន EZECOM

ក្រុមហ៊ុន EZECOM កំពុង​ប្រារព្ធ​ខួប​គម្រប់​ ១៥ឆ្នាំ​ដែល​បាន​​​​​ត្រួស​ត្រាយ​​ផ្លូវ​​សម្រាប់​នវានុវត្ត ប្រតិបត្តិការ និង​ភាព​ល្អឥតខ្ចោះ​សម្រាប់​វិស័យបច្ចេកវិទ្យា​ព័ត៌មាន​វិទ្យានិង​ទូរគមនាគមន៍​ (ICT) ដែល​ក្នុង​រយៈពេលនោះ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវា​ VOIP​ បន្ទាប់​មក​បាន​ប្រែ​ក្លាយ​ខ្លួន​​យ៉ាង​ឆាប់រហ័សទៅជា​ក្រុមហ៊ុន​ផ្តល់សេវាអ៊ិនធឺណិត ហើយ​ឥឡូវនេះ​ក៏​បាន​ក្លាយ​ទៅ​ក្រុមហ៊ុន​ផ្តល់​សេវា​​ភ្លែតហ្វម​ឌីជីថល ដែលនាំ​មុខ​គេ​​​​​ក្នុង​តួនាទី​ជាកាតាលីករ​ឌីជីថលសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ជាផ្នែក​មួយនៃ​ក្រុមហ៊ុន Royal Group ក្រុមហ៊ុន EZECOM បានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយរហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុន​បាន​វិនិយោគសរុបជាង ១០០​លានដុល្លារលើខ្សែហ្វាយប័រ​អុប​ទិកCAPEX ដ៏ទូលំទូលាយ។ ខ្សែ​ហ្វាយ​ប៊ើអុប​ទិក​​នេះ​​លាត​សន្ធឹង​ជាង ៣០.០០០​គីឡូម៉ែត្រ​នៃខ្សែហ្វាយ​ប៊ើអុប​ទិក​សរុបគិត​ចាប់​ពី​បណ្តាញ​ចម្បង​រហូត​ដល់​អ្នកប្រើប្រាស់។  ក្រុមហ៊ុន EZECOM នៅ​តែរក្សា​បាន​​ឈ្មោះ​ជា​ក្រុមហ៊ុនខ្មែរ​ ១០០​ភាគរយ​ដែល​កាន់​កាប់​​ខ្សែកាប​ក្រោម​បាត​សមុទ្រ​ហៅថាប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ​ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) និងកាន់​កាប់​​ការ​វិនិយោគ​រយៈពេល​វែងលើខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway ដែល​តភ្ជាប់​ស្ថានីយ​ខ្សែកាប​ចំនួន១៣ នៅ​ក្នុង​ប្រទេស​ចំនួន១០។

ក្រុមហ៊ុន EZECOM បន្ត​បង្កើត​​សកម្មភាព​សំខាន់​ៗ​ទាក់ទងនឹង​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជាដៃគូជាមួយ​នឹង​​ក្រុមហ៊ុន​បច្ចេក​វិទ្យា​អន្តរជាតិ​ល្បីៗ​ដូចជា​ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន Oracle Cloud ក្រុមហ៊ុន VeloCloud ក្រុមហ៊ុន LogRhythm ក្រុមហ៊ុន Huawei ក្រុមហ៊ុន Ameyo និង​ក្រុមហ៊ុន MiHCM ដើម្បី​នាំយក​សេវា​របស់​ក្រុមហ៊ុនទាំងនេះ​មក​កាន់​ប្រទេសកម្ពុជា ដើម្បី​​ឆ្លើយ​តបទៅនឹង​​តម្រូវការ​អាជីវកម្ម​អតិថិជនរបស់​យើង។ ​សកម្មភាព​ទាំងនេះ​បានជួយ​បង្ហាញ​ឱ្យឃើញថា​ ប្រទេស​កម្ពុជា​គឺ​​ជាប្រទេស​កំពុង​រីក​ចម្រើន​វិវឌ្ឍ​ទៅ​​មុខ​ និង​មាន​ភាពទាក់​ទាញ​ក្នុង​ការអភិវឌ្ឍន៍​អាជីវកម្ម និងការវិនិយោគ​ពី​ថ្នាក់​​តំបន់ និង​ពិភពលោក។


អាស័យដ្ឋាន៖ ផ្ទះលេខ ៧D មហាវិថីសហព័ន្ធរុស្សី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទ៖ (+៨៥៥) ០៨៥​ ៨៨៨ ១៨១ គេហទំព័រ
www.ezecom.com.kh

អំពីក្រុមហ៊ុន Exotel

ក្រុមហ៊ុន Exotel គឺជា​ប្រតិបត្តិករ​ផ្តល់​សេវា​​ភ្លែតហ្វម​​ទំនាក់​ទំនង​អតិថិជន​ឈាន​​មុខគេ​នៅ​​ទីផ្សារ​​កំពុង​រីក​ចម្រើន​ និង​​​ប្រតិបត្តិករ​ទូរគមនាគមន៍​និម្មិត​ដែល​ផ្តោត​លើ​តម្រូវការ​របស់​ក្រុមហ៊ុន​អាជីវកម្ម។ បង្កើត​ឡើង​​ក្នុង​ឆ្នាំ២០១១ ផលិតផល​ដែល​មាន​មូលដ្ឋាន​លើ​ខ្លោដ​លំដាប់​ពិភពលោក​របស់​ក្រុមហ៊ុន Exotel បម្រើ​សេវា​ទំនាក់ទំនង​​អតិថិជន ៥០​លាន​ក្នុងមួយថ្ងៃ​សម្រាប់​ក្រុមហ៊ុន​ជាង ៦០០០ នៅ​ក្នុង​ប្រទេស​ឥណ្ឌា តំបន់​អាស៊ី​អាគ្នេយ៍ មជ្ឈិម​បូព៌ា និង​អាហ្វ្រិក។ សព្វ​ថ្ងៃ​នេះ ក្រុមហ៊ុន​​ដែល​​​រីក​ចម្រើន​​លឿន​បំផុត​​​មួយ​ចំនួន​​នៅ​​ក្នុង​​ទីផ្សារ​​ដែល​​​កំពុងរីក​ចម្រើន (ក្រុមហ៊ុន Ola ក្រុមហ៊ុន Swiggy ក្រុមហ៊ុន Flipkart ក្រុមហ៊ុន GoJek ក្រុមហ៊ុន Byju’s ក្រុមហ៊ុន Urban Company ក្រុមហ៊ុន HDFC Bank ក្រុមហ៊ុន Zomato ក្រុមហ៊ុន Oyo ជាដើម) គ្រប់​គ្រង​ការងារ​ទំនាក់ទំនង​​អតិថិជន​របស់​ខ្លួន​ជាមួយ​នឹង​​មណ្ឌល​​ទំនាក់​ទំនង omnichannel របស់​ក្រុមហ៊ុន Exotel ដែល​ជា​កម្មវិធី​ទំនាក់ទំនង APIs និងភ្លែតហ្វម​សន្ទនា​ប្រើប្រាស់​បច្ចេកវិទ្យា AI នៅលើ​ខ្លោដ។ ក្រុមហ៊ុនទាំងនេះ​គឺជា​ប្រភេទ​ក្រុមហ៊ុនក្នុង​ថ្នាក់ Series D ដែល​មានលទ្ធភាព​ប្រមូលមូលនិធិ ១០០លានដុល្លារ និង​មានប្រាក់ចំណូល​ប្រចាំឆ្នាំ (ARR) ចំនួន​ ៥០​លានដុល្លារ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ exotel.com៕

Most Popular

To Top