ម៉ូស្គូ៖ ទំនាក់ទំនងរបស់រុស្ស៊ីជាមួយចិនគឺជា “ល្អបំផុតក្នុងប្រវត្តិសាស្ត្រ” ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីចិនលោក ស៊ី ជីនពីង ខណៈដែលលោកបានលើកឡើងថា ទីក្រុងម៉ូស្គូ នឹងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការ យោធាជាមួយទីក្រុងប៉េកាំង។
មេដឹកនាំទាំងពីរបានឲ្យដឹង តាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃសុក្រ ហើយលោក ពូទីន បាននិយាយថា លោករំពឹងថាលោក ស៊ី នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងមូស្គូ ក្នុងឆ្នាំ២០២៣។ ប្រសិនបើវាកើតឡើងនោះ វាគឺជាការបង្ហាញជាសាធារណៈ អំពីសាមគ្គីភាពដោយទីក្រុងប៉េកាំង ចំពេលមានយុទ្ធនាការយោធា ដ៏ក្តៅគគុករបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។
នៅក្នុងសុន្ទរកថា ណែនាំពីសន្និសីទវីដេអូដែលចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក ពូទីន បានលើកឡើងថា “យើងកំពុងរង់ចាំអ្នក ប្រធានជាទីគោរព មិត្តជាទីស្រឡាញ់ យើងកំពុងរង់ចាំអ្នកនៅនិទាឃរដូវ ក្រោយក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ទីក្រុងម៉ូស្គូ” ។
លោកបានបន្ដថា ដំណើរទស្សនកិច្ចនេះនឹងបង្ហាញ ដល់ពិភពលោកនូវភាពជិតស្និទ្ធ នៃទំនាក់ទំនងរុស្ស៊ីនិងចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្សេរ៉ា ។
ថ្លែងរយៈពេលប្រហែល ៨នាទី លោក ពូទីន បានឲ្យដឹងថា ទំនាក់ទំនងរុស្ស៊ី-ចិន កាន់តែមានសារៈសំខាន់ជាកត្តាស្ថិរភាព ហើយថាលោកមានបំណងធ្វើឱ្យ កិច្ចសហប្រតិបត្តិការយោធា កាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។
នៅក្នុងការឆ្លើយតបដែលមាន រយៈពេលប្រហែលមួយភាគបួននោះ លោក ស៊ី បានលើកឡើងថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តជាមួយរុស្ស៊ី ប្រឆាំងនឹងផ្ទៃខាងក្រោយនៃ អ្វីដែលលោកហៅថាជាស្ថានភាព “លំបាក” នៅក្នុងពិភពលោកទាំងមូល ៕
ប្រែសម្រួល ឈូក បូរ៉ា