បន្ទាប់ពីឡើងកូដខ្លាំងយ៉ាងរហ័សបំផុត ក្នុងពិភពលោក ក្នុងអំឡុងការបិទខ្ទប់នៃការផ្ទុះរីករាលនៃជំងឺកូវីដ១៩ ប៉ុន្មានឆ្នាំកន្លងមក ពេលនេះក្រុមហ៊ុនប្រព័ន្ធវីដេអូអនឡាញ Zoom បានជួបការធ្លាក់ចុះប្រាក់ចំណូលយ៉ាងខ្លាំង ឈានដល់ការសម្រេចកាត់បន្ថយបុគ្គលិកហើយ។
ក្រុមហ៊ុន Zoom បានប្រកាសកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ខ្លួននឹងកាត់បន្ថយបុគ្គលិកប្រមាណ ១៣០០នាក់ ឬប្រហែល ១៥% ខណៈតម្រូវការនៃប្រើប្រាស់ប្រព័ន្ធវីដេអូអនឡាញរបស់ក្រុមហ៊ុនអាមេរិកនេះ បានធ្លាក់ចុះ ស្របពេលដែលពិភពលោកចាប់ផ្តើមវិលទៅរកភាពប្រក្រតីឡើងវិញ។ វិធានការនេះ បានធ្វើឱ្យ Zoom ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយមួយទៀត ដែលបានកាត់បន្ថយបុគ្គលិក។
លោក Eric Yuan នាយកប្រតិបត្តិក្រុមហ៊ុន Zoom បានប្រាប់បុគ្គលិកតាមរយៈសារ memo មួយថា ការកាត់បន្ថយបុគ្គលិកនេះ នឹងប៉ះពាល់ដល់ផ្នែកជាច្រើន។ លើសពីនេះ ទាំងខ្លួនលោកផ្ទាល់ និងក្រុមដឹកនាំផ្សេងៗទៀត ក៏ត្រូវបានកាត់ប្រាក់ខែផងដែរ។
ជាមួយគ្នានេះ លោកក៏បានទទួលស្គាល់កំហុសរបស់លោកផងដែរ ដែលបានភ្លេចខ្លួនពេលក្រុមហ៊ុនកំពុងឡើងខ្លាំងអំឡុងកូវីដ១៩កន្លងមក ដែលធ្វើឱ្យមានលទ្ធផលដូចសព្វថ្ងៃនេះ។
គួររំលឹកថា ក្នុងពេលពិភពលោកបិទខ្ទប់ដោយសារកូវីដកន្លងទៅ គឺភាគច្រើនបំផុត មនុស្សត្រូវធ្វើការពីផ្ទះ ហើយបានប្រើប្រាស់ប្រព័ន្ធវីដេអូ Zoom នេះ ដើម្បីប្រាស្រ័យទាក់ទងការងារគ្នាពីចម្ងាយ។ កាលពីឆ្នាំ២០២១ ក្រុមហ៊ុន Zoom រកចំណូលបានដល់ជាង ២,៦ពាន់លានដុល្លារ ដែលបានកើនឡើងខ្ពស់បំផុតរហូតដល់ ៣២៥% ពីឆ្នាំ២០២០៕