បរទេស៖ នាយកដ្ឋានសុខុមាលភាពសត្វ ដែលគ្រប់គ្រង ដោយរដ្ឋាភិបាល របស់ប្រទេសឥណ្ឌា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រារព្ធទិវានៃក្តីស្រឡាញ់ នៅឆ្នាំនេះមិនមែនជាការប្រារព្ធពិធីបុណ្យមនោសញ្ចេតនាទេ ប៉ុន្តែជា “ទិវាឱបគោ” ដើម្បីលើកកម្ពស់តម្លៃហិណ្ឌូកាន់តែប្រសើរឡើង។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមប្រឹក្សាសុខុមាលភាពសត្វ នៃប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃពុធថា “ការឱបគោនឹងនាំមកនូវភាពសម្បូរបែប នៃអារម្មណ៍និងបង្កើន សុភមង្គលដល់បុគ្គល និងសមូហភាព” ។
អ្នកកាន់សាសនាហិណ្ឌូដែលគោរពបូជាសត្វគោជា ពិសិដ្ឋ ឬវិសុទ្ធ និយាយថា ថ្ងៃបុណ្យលោកខាងលិច គឺផ្ទុយនឹងតម្លៃប្រពៃណីឥណ្ឌា។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមអ្នកកាន់សាសនាហិណ្ឌូ បានវាយឆ្មក់ចូលហាងនានាក្នុងទីក្រុងនានារបស់ឥណ្ឌា ដោយដុតកាត និងអំណោយ ហើយបានដេញគូស្នេហ៍ដែលកាន់ដៃគ្នាចេញពីភោជនីយដ្ឋាន និងសួនកម្សាន្ត ដោយនិយាយថា ទិវានៃក្តីស្រឡាញ់គឺលើកកម្ពស់ភាពស្មោកគ្រោក។ ក្រុមនយោបាយតឹងរ៉ឹងដូចជា Shiv Sena និង Bajrang Dal និយាយថា សកម្មភាពបែបនេះត្រួសត្រាយផ្លូវដើម្បីបញ្ជាក់អត្តសញ្ញាណហិណ្ឌូឡើងវិញ។
ប្រជាជនឥណ្ឌាដែលមានការអប់រំវ័យក្មេងដោយមិនគិតពីសាសនារបស់ពួកគេ ជាធម្មតាបានចំណាយពេលថ្ងៃឈប់ សម្រាកទៅកំសាន្តនៅសួនច្បារ និងភោជនីយដ្ឋាន ផ្លាស់ប្តូរអំណោយគ្នា និងរៀបចំពិធីជប់លៀងដើម្បីអបអរ ដូចពិធីបុណ្យឥណ្ឌាផ្សេងទៀត ជាពិសេសចាប់តាំងពីប្រទេសឥណ្ឌា បានចាប់ផ្តើមដំណើរការសេរីភាវូបនីយកម្ម សេដ្ឋកិច្ចនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០៕