ព័ត៌មានអន្តរជាតិ

The Telegraph ៖ ឧស្សាហកម្មការពារជាតិ អង់គ្លេស អាចនឹងផលិតអាវុធ និងរថពាសដែក នៅក្នុងប្រទេសអ៊ុយក្រែន

បរទេស ៖ សារព័ត៌មាន The Telegraph បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា មន្ត្រីជាន់ខ្ពស់ក្នុងឧស្សាហកម្ម ការពារជាតិអង់គ្លេស កំពុងពិភាក្សាអំពីលទ្ធភាព នៃការផលិតអាវុធ និងរថពាសដែកនៅក្នុងប្រទេសអ៊ុយក្រែន ក្រោមអាជ្ញាប័ណ្ណក្នុងស្រុក ។ កាសែតបានសរសេរថា នាយកប្រតិបត្តិមួយចំនួនបានទៅទស្សនាទីក្រុងគៀវរួចហើយ ដើម្បីស្វែងរកជម្រើស សម្រាប់ការបង្កើតក្រុមហ៊ុន បណ្តាក់ទុនរួមគ្នា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរបាយការណ៍ ក្រុមហ៊ុនផលិត របស់អង់គ្លេស មានការព្រួយបារម្ភថា គូប្រជែងបារាំង និងអាល្លឺម៉ង់ អាចជាអ្នកដំបូងគេ ដែលចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយអ៊ុយក្រែន។ នាយកប្រតិបត្តិម្នាក់ត្រូវបានដកស្រង់សម្តីដែលពិពណ៌នា អំពីការចរចារថាជាការប្រណាំង ដើម្បី ដាក់ទីក្រុងឡុងដ៍ “នៅជួរមុខ”។ វាត្រូវបានគេនិយាយផងដែរថា កិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណបែបនេះទំនងជាត្រូវការការយល់ព្រម ពីរដ្ឋាភិបាលអង់គ្លេស។

ដំណឹងនេះកើតឡើង នៅពេលដែលអ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែន បង្កើន ជំនួយយោធា របស់ពួកគេដល់ទីក្រុងគៀវ ចំពេលមានជម្លោះប្រដាប់ អាវុធជាមួយរុស្ស៊ី។ ចក្រភពអង់គ្លេសបានសន្យាកាលពីខែមុនក្នុងការប្រគល់រថក្រោះ Challenger 2 ជាលើកដំបូង។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានទទួលប្រធានាធិបតី អ៊ុយក្រែនលោក Vladimir Zelensky ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ដោយមិនប្រកាសរបស់លោក មកកាន់ចក្រភព អង់គ្លេស កាលពីថ្ងៃពុធ ដោយលោក Rishi Sunak បានណែនាំក្រសួងការពារជាតិ ឱ្យសិក្សាពីបញ្ហា នៃការផ្គត់ផ្គង់យន្តហោះចម្បាំងជាមួយទីក្រុងគៀវ ។

អ្នកនាំពាក្យរបស់លោក Sunak បាននិយាយនៅសប្តាហ៍នេះថា “យើងធ្វើការសម្រេចចិត្តទាំងនេះដោយប្រុងប្រយ័ត្ន ហើយយើងធ្វើវាដោយគិតគូរ។ យើងដឹងពីហានិភ័យ នៃការកើនឡើងដែលអាចកើតមាន” ៕

Most Popular

To Top