ព័ត៌មានអន្តរជាតិ

Meta កំពុងចម្លងតាមរបៀប Telegram យកទៅដាក់​ក្នុង Platform របស់ខ្លួន

ក្រុមហ៊ុន Meta របស់​លោក Mark Zuckerberg បានបង្ហាញ​ឆាណែលថ្មី របស់ខ្លួន​សម្រាប់​បណ្តាញ​ Instagram ដែល​ស្រដៀង​នឹង​ Telegram ជាបណ្តាញ​ទំនាក់ទំនង​សង្គម ​ដ៏ពេញនិយម​ខ្លាំងបំផុត ​នាពេលបច្ចុប្បន្ននេះ។

ឆាណែលថ្មីសម្រាប់ Instagram នេះ គឺ​អ្នកបង្កើតមាតិកា (creator) អាច​បង្ហោះផ្សព្វផ្សាយនូវសារ រូបភាព វីដេអូ សំឡេង និង​ការបោះឆ្នោតស្ទង់មតិជាដើម ទៅកាន់​ Follower ដែលបាន Subscribe ឆាណែលខ្លួន ពោលគឺ​ស្ទើរតែដូចគ្នាបេះបិតនឹង Telegram ដែរ។ ជាមួយ​គ្នានេះ Follower អាចធ្វើការ react នូវការបង្ហោះរបស់ creator និង vote បានផងដែរ ប៉ុន្តែគ្មានសិទ្ធិបង្ហោះក្នុង​ឆាណែលរបស់ creator បានឡើយ។

ជាក់ស្តែង​ឆាណែល​របស់លោក Zuckerberg ខាងក្រោមនេះ ដែលបានដាក់ឈ្មោះ Meta Channel នឹងក្លាយ​ជាកន្លែងថ្មីមួយ​ក្នុងការចែកចាយ​ព័ត៌មាន និងការអាប់ដេតនូវរាល់ផលិតផល និង​បច្ចេកវិទ្យា​ទាំងអស់​របស់ក្រុមហ៊ុន Meta។ មិនតែប៉ុណ្ណោះ លោកអះអាងថា លោកនឹង​បង្ហោះព័ត៌មាន​នៅលើ Meta Channel ជាមុនសិន មុននឹងបង្ហោះនៅលើបណ្តាញសង្គម​ផ្សេងៗ ដើម្បីទាក់ទាញ​ឱ្យមាន Follower កាន់តែច្រើន។

យ៉ាងណាមិញ ឆាណែល​ថ្មីនេះគឺ​មាន​តែនៅ Instagram ប៉ុណ្ណោះ តែ​ក៏នឹងអាច​មាន​នៅលើ Messenger និង Facebook ក្នុងប៉ុន្មានខែ​ខាងមុខនេះទៀតផងដែរ៕

Most Popular

To Top