ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងអាមេរិក បញ្ចេញយន្តហោះចម្បាំង F-35A F-15K និង F-16s ហោះពេញមេឃ ទោះបីកូរ៉េខាងជើងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយព្រមាន

បរទេស ៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនអាកាសរួមគ្នា កាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយចូលទៅក្នុងសមុទ្រ ។ នេះ​បើ​តាម​ការ​បញ្ជាក់ ​របស់​អគ្គសេនាធិការ​ចម្រុះ (JCS) នៅ​ទីក្រុង​សេអ៊ូល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គសេនាធិការ​ចម្រុះ បាននិយាយថា ជាផ្នែកមួយនៃសមយុទ្ធ យន្តហោះចម្បាំង F-35A និង F-15K របស់កូរ៉េខាងត្បូង និង F-16s របស់សហរដ្ឋអាមេរិក បានអមដំណើរយន្តហោះ B-1B របស់អាមេរិក ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណ ការពារដែនអាកាសរបស់កូរ៉េខាងត្បូង។ JCS មិនបានបញ្ជាក់ថាតើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B ប៉ុន្មាននាក់បានចូលរួមនោះទេ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ បានឲ្យដឹងថា យន្តហោះចំនួន ១០ គ្រឿងក៏បានចូលរួមជាផ្នែកនៃសមយុទ្ធផងដែរ។ យន្តហោះទាំងនោះ បានហោះហើរនៅលើសមុទ្រលឿង សមុទ្រចិនខាងកើត និងផ្នែកខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង។

ទីក្រុងសេអ៊ូលបាននិយាយថា “ការហ្វឹកហ្វឺនលើកនេះ បានបង្ហាញឱ្យឃើញពីសមត្ថភាពការពារជាតិ រួមបញ្ចូលគ្នារវាងកូរ៉េខាងត្បូង-អាមេរិក និងឥរិយាបថ ដែលបង្ហាញពីកងកម្លាំង ដ៏លើសលប់របស់សម្ព័ន្ធមិត្ត” ។

យោងតាម JCS សមយុទ្ធពីលើអាកាសចុងក្រោយនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត “រឹងមាំដូចដែក” របស់អាមេរិក ក្នុងការការពារកូរ៉េខាងត្បូង និងការសន្យាបន្ថែមការរារាំងរបស់ខ្លួន ដែលអំពាវនាវឱ្យក្រុងវ៉ាស៊ីនតោន ប្រើប្រាស់សមត្ថភាពយោធាទាំងអស់ រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ ប្រសិនបើមានការ វាយប្រហារណាមួយពីកូរ៉េខាងជើង៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top