ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង គ្រោងបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងម៉ូស្គូ សម្រាប់កិច្ចប្រជុំកំពូល ជាមួយលោក ពូទីន

ប៉េកាំង ៖ យោងតាមកាសែត Wall Street Journal បានឱ្យដឹងថា មេដឹកនាំចិនលោក ស៊ី ជីនពីង កំពុងរៀបចំធ្វើទស្សនកិច្ច នៅទីក្រុងមូស្គូ សម្រាប់កិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងប៉ុន្មានខែខាងមុខនេះ ។

ដោយលើកឡើងពីមនុស្ស ដែលធ្លាប់ស្គាល់ផែនការនេះ កាសែតបាននិយាយ កាលពីថ្ងៃអង្គារថា កិច្ចប្រជុំកំពូល ស៊ី-ពូទីន គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ក្នុងការនាំយកសង្រ្គាម ដែលអូសបន្លាយមួយឆ្នាំដល់ទីបញ្ចប់ និងជាផ្នែកមួយនៃការជំរុញ សន្តិភាពពហុភាគី ។

របាយការណ៍បានបន្ថែមថា ប្រទេសចិនក៏នឹងប្រើប្រាស់កិច្ចប្រជុំកំពូល ដើម្បីអំពាវនាវជាថ្មីថា អាវុធនុយក្លេអ៊ែរមិនគួរត្រូវបានប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។

កាសែតបានឲ្យដឹងថា ការត្រៀមរៀបចំសម្រាប់ការធ្វើដំណើរ គឺនៅដំណាក់កាលដំបូង ហើយពេលវេលាមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ដោយបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី អាចនឹងធ្វើឡើង ក្នុងខែមេសា ឬដើមខែឧសភា នៅពេលដែលរុស្ស៊ី ប្រារព្ធពិធីទទួលជ័យជម្នះ ក្នុងសង្គ្រាមលោកលើកទីពីរ លើពួកណាស៊ីអាល្លឺម៉ង់ ។

អ្នកការទូតកំពូលរបស់ចិនលោក វ៉ាង យី បច្ចុប្បន្នកំពុងនៅទីក្រុងមូស្គូ ហើយរំពឹងថា នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅថ្ងៃពុធនេះ ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប លោក វ៉ាង យី បានបង្កើនការអំពាវនាវ ឱ្យមានការចរចា ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំមុន នៅពេលដែលទាហានរុស្ស៊ី បានឈ្លានពានប្រទេសនេះ។

លោក ស៊ី ជីនពីង និងលោក ពូទីន បានជួបគ្នាចុងក្រោយនៅក្នុងប្រទេសចិន មុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង កាលពីឆ្នាំមុន ប៉ុន្មានថ្ងៃមុនពេលរុស្ស៊ីបានឈ្លានពាន អ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ។ បុរសទាំងពីរបានប្រកាសពីភាពជាដៃគូ “គ្មានដែនកំណត់” ដែលគ្មានផ្នែកនៃកិច្ចសហប្រតិបត្តិការ ត្រូវបាន ហាមឃាត់នោះឡើយ ៕

Most Popular

To Top